ទំនុកដំកើង 51
51
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង នៅពេលដែលហោរាណាថាន់បានមកឯទ្រង់ ក្រោយដែលទ្រង់បានចូលទៅឯនាងបាតសេបា។
1ឱព្រះអង្គអើយ
សូមអាណិតមេត្តាដល់ទូលបង្គំ
តាមសេចក្ដីសប្បុរសរបស់ទ្រង់
ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ
ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
2សូមលាងទូលបង្គំឲ្យយ៉ាងស្អាត
ពីអំពើទុច្ចរិតរបស់ទូលបង្គំ
សូមសំអាតអំពើបាបរបស់ទូលបង្គំផង
3ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ
ឯអំពើបាបរបស់ទូលបង្គំ
នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
4ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
គឺនឹងទ្រង់តែ១ព្រះអង្គ
ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង
ទូលបង្គំទទួលស្គាល់អំពើទាំងនោះ
ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត
ក្នុងកាលដែលទ្រង់មានបន្ទូល
ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ
5មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត
ហើយម្តាយទូលបង្គំបានមានទំងន់
បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
6មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង
ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ
ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
7សូមជំរះទូលបង្គំដោយមែកហ៊ីសុប
នោះទូលបង្គំនឹងបានជ្រះស្អាត
សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
8សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ
នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក
នឹងបានអរសប្បាយវិញ
9សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ
ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
10ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ
ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង
11សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់
ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
12សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះ
នៃទ្រង់ឡើងវិញ
ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់
13នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់
ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង
ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
14ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ
សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម
នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង
ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
15ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ
នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់
ពីសេចក្ដីសរសើររបស់ទ្រង់
16ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ
បើសព្វព្រះហឫទ័យវិញ
នោះទូលបង្គំនឹងបានថ្វាយហើយ
ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
17ឯដង្វាយដែលគួរថ្វាយដល់ព្រះ
នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ
ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ
ហើយទន់ទាបឡើយ។
18៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន
តាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់
សូមសង់កំផែងក្រុងយេរូសាឡិមឡើង
19នោះទ្រង់នឹងសព្វព្រះហឫទ័យ
ដោយដង្វាយនៃសេចក្ដីសុចរិត
គឺជាដង្វាយដុតនឹងយញ្ញបូជាថ្វាយទាំងមូលផង
ដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។
Currently Selected:
ទំនុកដំកើង 51: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.