ទំនុកដំកើង 5
5
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយខ្លុយ។
1ឱព្រះយេហូវ៉ាអើយ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ
សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ
2ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ
សូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវ
ដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់
3ឱព្រះយេហូវ៉ាអើយ
នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ
គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់
ព្រមទាំងរក្សាពេលចាំយាមផង
4ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ
ឯសេចក្ដីអាក្រក់ នឹងនៅជាមួយនឹងទ្រង់មិនបាន
5ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ
ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
6ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ
ព្រះយេហូវ៉ា ទ្រង់ខ្ពើមឆ្អើម ចំពោះមនុស្សដែលតែងតែ
កំចាយឈាម ហើយបោកប្រាសគេ
7ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់
ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
ដោយចិត្តកោតខ្លាចដល់ទ្រង់
8ឱព្រះយេហូវ៉ាអើយ
សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់
ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ
សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
9ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ
ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់
បំពង់កគេជាផ្នូរខ្មោចនៅចំហ
គេពោលបញ្ចើចដោយសារអណ្តាត
10ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ
សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ
សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ
ដែលច្រើនឥតគណនា
ដ្បិតគេបានបះបោរនឹងទ្រង់ហើយ
11នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង
គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែង
ការពារគេ
ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់
12ដ្បិត ឱព្រះយេហូវ៉ាអើយ
ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត
ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ
ដោយព្រះគុណ ទុកដូចជាខែល។
Currently Selected:
ទំនុកដំកើង 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.