ទំនុកដំកើង 42
42
ប៉ែកទី២
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ជាសេចក្ដីបង្រៀន។
1ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់
ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក
2ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ
តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
3ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់
កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា
តើព្រះឯងនៅឯណា។
4៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស
ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ
ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ
គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ
កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ
នោះទូលបង្គំក៏ប្លុងព្រលឹងចេញ
5ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ
ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ
ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ
ដល់ទ្រង់ទៀត
ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។
6៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន
នៅក្នុងខ្លួន
ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក
ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន នឹងភ្នំមីតសារ
7ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក
អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់
បានហូរមកគ្របទូលបង្គំហើយ
8ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក
នៅវេលាថ្ងៃ
ហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹង
នៅជាមួយនឹងទូលបង្គំផង
គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
9៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា
ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ
ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ
ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ
10ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ
ចាក់ក្នុងឆ្អឹងទូលបង្គំ
ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា
11ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ
ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ
ចូរសង្ឃឹមដល់ព្រះចុះ
ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត
ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។
Currently Selected:
ទំនុកដំកើង 42: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.