YouVersion Logo
Search Icon

ទំនុកដំកើង 30

30
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​ច្រៀង​ឆ្លង​ព្រះ‌វិហារ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សរសើរ​ទ្រង់
ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​វិញ
មិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ
ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ
2ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់
ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា
3ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​នាំ​ព្រលឹង​ទូលបង្គំ​ឡើង
រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រស់​នៅ
ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ
4ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ
ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ
ចូរ​អរ​ព្រះ‌គុណ ដោយ​នឹក​ចាំ​ពី​សេចក្ដី​បរិសុទ្ធ​នៃ​ទ្រង់
5ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ
តែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ
ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន
តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ
6ចំណែក​ខាង​ទូលបង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដី
ចំរើន​របស់​ទូលបង្គំ​ថា ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ
7ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
ទ្រង់​បាន​តាំង​ភ្នំ​នៃ​ទូលបង្គំ​ឡើង​ឲ្យ​មាំ‌មួន
ដោយ​ព្រះ‌គុណ​ទ្រង់
កាល​ទ្រង់​បាន​លាក់​ព្រះ‌ភក្ត្រ​ទៅ
នោះ​ទូលបង្គំ​មាន​សេចក្ដី​តក់‌ស្លុត
8តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់
គឺ​ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា
9តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូលបង្គំ
ហើយ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ
តើ​ធូលី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ
តើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ
10ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់
ហើយ​ប្រោស​មេត្តា​ដល់​ទូលបង្គំ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយ
ដល់​ទូលបង្គំ​ផង
11នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូលបង្គំ
ឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញ
ទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញ
ឲ្យ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង
12ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់
ឥត​នៅ​ស្ងៀម​ឡើយ
ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in