ទំនុកដំកើង 122
122
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1កាលគេនិយាយមកខ្ញុំថា ចូរយើង
ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា
នោះខ្ញុំមានសេចក្ដីអំណរអរណាស់
2ឱក្រុងយេរូសាឡិមអើយ
ជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ
3យេរូសាឡិមអើយ ឯងបានសង់ឡើង
ដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា
4ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា
គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល
ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
5ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យ
គឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ
6ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ
សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន
7សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង
ហើយសេចក្ដីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង
8ព្រោះយល់ដល់ពួកបងប្អូន នឹងពួកមិត្រសំឡាញ់
របស់អញ
បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខ
នៅខាងក្នុងឯងចុះ
9ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ា
ជាព្រះនៃយើងរាល់គ្នា
នោះអញនឹងស្វែងរកសេចក្ដីល្អដល់ឯង។
Currently Selected:
ទំនុកដំកើង 122: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.