សុភាសិត 6
6
1កូនអើយ បើឯងបានធានាឲ្យអ្នកជិតខាងឯង បើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃ 2នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសំដីដែលចេញពីមាត់ឯងមក 3យ៉ាងនោះ កូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ព្រោះឃើញថា ឯងបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងឯង ដូច្នេះ ចូរឯងទៅបន្ទាបខ្លួន ហើយអង្វរដល់គេ 4កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ 5ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។
6ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង 7វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ 8គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង 9ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់ 10ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច 11យ៉ាងនោះ សេចក្ដីកំសត់ទុគ៌តរបស់ឯង នឹងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។
12ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច 13ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង នឹងដៃ 14ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា 15ដូច្នេះ សេចក្ដីអន្តរាយរបស់វា នឹងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។
16មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម 17គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១ 18ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១ 19នឹងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្ដីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។
20កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្តាំរបស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្តាយឯងឡើយ 21ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង 22កាលណាឯងដើរដំណើរ បណ្តាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង 23ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ 24ប្រយោជន៍នឹងរក្សាឯងទុក ឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្តាតបញ្ចើចរបស់ស្រីដទៃ 25កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ 26ដ្បិតដោយព្រោះតែស្រីសំផឹង នោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំបុ័ងតែ១ចំណិតប៉ុណ្ណោះ ហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេស 27តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់អាវខ្លួនបានឬ 28តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ 29ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ 30មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ 31តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង 32តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ 33អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស នឹងលុបសេចក្ដីត្មះតិះដៀលចំពោះអ្នកនោះចេញមិនបាត់ឡើយ 34ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ 35គេមិនព្រមទាំងក្រឡេកមើលដំឡៃលោះណាមួយផង ហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយ គង់តែមិនបានរំងាប់ចិត្តដែរ។
Currently Selected:
សុភាសិត 6: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.