ណាហ៊ុម 1
1
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងនីនីវេ គឺជាសៀវភៅសំដែងចេញជាការជាក់ស្តែងរបស់ណាហ៊ុម ជាអ្នកស្រុកអែលកូស។
2ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សំរាប់ពួកខ្មាំងសត្រូវ 3ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់ 4ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសានក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ 5ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភក្ត្រទ្រង់ អើ ទាំងលោកីយ នឹងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ 6តើមានអ្នកណាដែលអាចនឹងឈរនៅមុខសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បាន តើអ្នកណានឹងធន់នៅបាន ក្នុងពេលដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ឆួលឡើង ឯសេចក្ដីក្រោធរបស់ទ្រង់ នោះក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកសញ្ជែកដោយសារទ្រង់ 7ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក 8តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។
9ឯងរាល់គ្នាគិតបង្កើតអ្វី ទាស់នឹងព្រះយេហូវ៉ានោះ ឯទ្រង់ នឹងធ្វើឲ្យផុតទៅអស់រលីង សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ 10ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ 11មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់ 12ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ 13ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។
14ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ នឹងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនឹងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។
15មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
Currently Selected:
ណាហ៊ុម 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.