YouVersion Logo
Search Icon

មីកា 7

7
1វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា ដែល​ទុំ​ដើម​រដូវ 2មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កំចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង​ប្អូន​ខ្លួន​ដោយ​មង 3ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ 4មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង 5កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ 6ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។
7ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ 8ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ 9ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្តី​ជំនួស​ខ្ញុំ ហើយ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ទ្រង់ 10គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ 11នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ 12នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាសស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ នឹង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត 13ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា​របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។
14សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន នឹង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ 15អញ​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក 16អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ 17គេ​នឹង​លិទ្ធ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដោយ​កោត‌ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។
18តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ 19ទ្រង់​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ 20ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប នឹង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚

Currently Selected:

មីកា 7: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in