មីកា 3
3
1ខ្ញុំក៏ថាដូច្នេះទៀត ឱពួកជាប្រមុខនៃយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំចុះ តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ 2អ្នករាល់គ្នាដែលស្អប់សេចក្ដីល្អ ហើយស្រឡាញ់សេចក្ដីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ 3ក៏ស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជារៀបដាក់ក្នុងឆ្នាំង ហើយដូចជាសាច់ដែលដាក់ចុះក្នុងថ្លាង 4នៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។
5ឯពួកហោរាដែលនាំឲ្យជនជាតិខ្ញុំវង្វេងចេញ ជាពួកអ្នកដែលទាយជាសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែបើអ្នកណាមិនដាក់អ្វីក្នុងមាត់គេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកនោះថា 6ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញការជាក់ស្តែងទៀត ហើយនឹងមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងទាយឡើយ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ 7ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូទាយនឹងទាល់គំនិត អើ គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ 8តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្តា ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា ព្រមទាំងសេចក្ដីយុត្តិធម៌ នឹងអំណាច ដើម្បីនឹងថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។
9ឱពួកជាប្រមុខនៃវង្សយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែល ជាពួកអ្នកដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួលទៅអើយ ចូរស្តាប់សេចក្ដីនេះចុះ 10ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្ដីទុច្ចរិត 11ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ 12ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារ នឹងបានដូចជាទីខ្ពស់នៅព្រៃវិញ។
Currently Selected:
មីកា 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.