YouVersion Logo
Search Icon

លូកា 1

1
1មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង ពី​អស់​ទាំង​ការ​ដែល​ពួក​យើង​ខ្ញុំ​បាន​ជឿ‌ជាក់ 2ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ផ្សាយ​ព្រះ‌បន្ទូល 3ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ថេវ‌ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ 4ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្ដី​ពិត​នៃ​អស់​ទាំង​សេចក្ដី ដែល​គេ​បាន​បង្រៀន​លោក។
5កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន 6អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ 7លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។
8រីឯ​តាម​ទំលាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន​ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ 9កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក 10ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប 11នោះ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប ឲ្យ​លោក​ឃើញ 12កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច 13ប៉ុន្តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន» 14លោក​នឹង​មាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ 15ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក 16វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ 17វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់ 18សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ 19ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ 20មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សំរេច​នៅ​វេលា​កំណត់​នោះ​ទេ។
21ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ 22កាល​លោក​ចេញ​មក លោក​និយាយ​នឹង​គេ​មិន​បាន​ទេ គេ​ក៏​យល់​ឃើញ​ថា លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន ដោយ​លោក​ធ្វើ​គ្រឿង​សំគាល់​ឲ្យ​ដឹង ហើយ​ក៏​នៅ​តែ​គ 23កាល​វេលា​ដែល​ការ‌ងារ​លោក​បាន​សំរេច​ហើយ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ 24គ្រា​ក្រោយ​នោះ អេលី‌សាបិត ជា​ប្រពន្ធ​លោក នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​លាក់​ខ្លួន​នៅ​៥​ខែ ដោយ​ថា 25ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាមាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។
26កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ 27ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា 28ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត 29នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច 30តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ 31មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» 32បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ 33ទ្រង់​នឹង​សោយ‌រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់‌កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ 34តែ​ម៉ារា​សួរ​ទេវតា​ថា ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សំរេច​បាន 35ទេវតា​ក៏​ឆ្លើយ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ‌រាជ​បុត្រា​នៃ​ព្រះ 36មើល ឥឡូវ អេលី‌សាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ជា​ស្ត្រី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ 37ដ្បិត​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ 38នោះ​ម៉ារា​និយាយ​ថា មើល ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។
39នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា 40ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត 41កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 42ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង 43ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ 44ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ 45នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិន​ខាន។
46រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ‌អម្ចាស់ 47វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ 48ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ 49ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ 50ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ 51ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់‌កំចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ 52ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ 53ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ 54ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់ 55ដូច​ជា​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក 56ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលី‌សាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។
57រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស 58ចំណែក​ពួក​អ្នក​ជិត​ខាង នឹង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះ‌អម្ចាស់​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់ 59ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក 60តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ 61គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ 62គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន 63លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា 64ខណ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ 65ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា 66ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។
67រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា 68សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ 69ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង 70ដូច​ជា​ទ្រង់​មាន​បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក 71គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង 72ដើម្បី​នឹង​សំរេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ 73គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា 74នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច 75ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង 76ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ 77ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប 78ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ 79ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ‌សាន្ត​វិញ។
80រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។

Currently Selected:

លូកា 1: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in