លេវីវិន័យ 8
8
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 2ចូរនាំយកអើរ៉ុន នឹងពួកកូនលោក ព្រមទាំងសំលៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ចៀមឈ្មោល២ នឹងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង 3ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ 4ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ 5នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
6ម៉ូសេក៏នាំអើរ៉ុន នឹងពួកកូនលោក មកផ្ងូតទឹកឲ្យ 7រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង 8រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម នឹងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ 9ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ នឹងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ 11ហើយក៏យកទៅប្រោះលើអាសនា៧ដង លោកចាក់លាបអាសនា នឹងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ នឹងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ 12ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ 13រួចលោកនាំយកពួកកូនអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងជួតឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
14បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសំរាប់ដង្វាយលោះបាបមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាដង្វាយនោះ រួចសំឡាប់ទៅ 15នោះម៉ូសេក៏សំអាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ 16លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ នឹងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា 17តែតួគោនោះ នឹងស្បែក សាច់ ហើយនឹងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ 19នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា 20រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាលនឹងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង 21លោកយកទឹកមកលាងអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
22លោកក៏នាំយកចៀមទី២ដែលសំរាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ 23នោះម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ នឹងមេជើងស្តាំរបស់អើរ៉ុន 24ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ នឹងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា 25រួចលោកយកខ្លាញ់កន្ទុយ នឹងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង នឹងស្រទាប់ថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់របស់អង្គញ់នោះ ហើយនឹងស្មាខាងស្តាំមក 26រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ នឹងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ 27លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា 28បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើដង្វាយដែលនៅលើអាសនា នេះហើយជាដង្វាយសំរាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា 29ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសំរាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 30រួចម៉ូសេក៏យកប្រេងលាប នឹងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក នឹងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុននឹងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក នឹងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
31ម៉ូសេក៏បង្គាប់អើរ៉ុននឹងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន នឹងពួកកូនលោកបរិភោគរបស់ទាំងនោះ 32ឯសាច់នឹងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ 33ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសំរេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ 34ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា 35ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ 36នោះអើរ៉ុន នឹងពួកកូនលោកក៏ធ្វើសំរេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។
Currently Selected:
លេវីវិន័យ 8: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.