YouVersion Logo
Search Icon

លេវី‌វិន័យ 8

8
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 2ចូរ​នាំ​យក​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​សំលៀក‌បំពាក់ ប្រេង​ចាក់​តាំង គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ចៀម​ឈ្មោល​២ នឹង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង 3ហើយ​ប្រជុំ​ពួក​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ 4ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ពួក​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ 5នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ។
6ម៉ូសេ​ក៏​នាំ​អើរ៉ុន នឹង​ពួក​កូន​លោក មក​ផ្ងូត​ទឹក​ឲ្យ 7រួច​បំពាក់​អាវ​ខ្លី​ឲ្យ​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង 8រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​យូរីម នឹង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ 9ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
10រួច​ម៉ូសេ​យក​ប្រេង ទៅ​ចាក់​លាប​រោង​ឧបោសថ នឹង​គ្រប់​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ 11ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​៧​ដង លោក​ចាក់​លាប​អាសនា នឹង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ 12ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ 13រួច​លោក​នាំ​យក​ពួក​កូន​អើរ៉ុន​មក​បំពាក់​អាវ​ខ្លី ហើយ​ក្រវាត់​ខ្សែ​ក្រវាត់ ព្រម​ទាំង​ជួត​ឈ្នួត​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
14បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សំរាប់​ដង្វាយ​លោះ​បាប​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​ដង្វាយ​នោះ រួច​សំឡាប់​ទៅ 15នោះ​ម៉ូសេ​ក៏​សំអាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំវិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ 16លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​២ នឹង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា 17តែ​តួ​គោ​នោះ នឹង​ស្បែក សាច់ ហើយ​នឹង​លាមក លោក​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
18លោក​ក៏​នាំ​យក​ចៀម​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​ដុត​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ 19នោះ​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា 20រួច​កាប់​ចៀម​នោះ​ជា​ដុំៗ ក៏​ដុត​ក្បាល​នឹង​ដុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ផង 21លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
22លោក​ក៏​នាំ​យក​ចៀម​ទី​២​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​អើរ៉ុន​នឹង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ 23នោះ​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ នឹង​មេ​ជើង​ស្តាំ​របស់​អើរ៉ុន 24ក៏​នាំ​ពួក​កូន​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ នឹង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា 25រួច​លោក​យក​ខ្លាញ់​កន្ទុយ នឹង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង នឹង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ នឹង​ខ្លាញ់​របស់​អង្គញ់​នោះ ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក 26រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ នឹង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ 27លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 28បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា 29ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក 30រួច​ម៉ូសេ​ក៏​យក​ប្រេង​លាប នឹង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​អើរ៉ុន​នឹង​សំលៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។
31ម៉ូសេ​ក៏​បង្គាប់​អើរ៉ុន​នឹង​ពួក​កូន​លោក​ថា ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា ត្រូវ​ឲ្យ​អើរ៉ុន នឹង​ពួក​កូន​លោក​បរិភោគ​របស់​ទាំង​នោះ 32ឯ​សាច់​នឹង​នំបុ័ង​ដែល​សល់​នៅ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ 33ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​៧​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សំរេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​៧​ថ្ងៃ 34ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ ដូច​ជា​បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា 35ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​គ្រប់​៧​យប់​៧​ថ្ងៃ ទាំង​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ 36នោះ​អើរ៉ុន នឹង​ពួក​កូន​លោក​ក៏​ធ្វើ​សំរេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​ម៉ូសេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in