YouVersion Logo
Search Icon

លេវី‌វិន័យ 15

15
1ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​នឹង​អើរ៉ុន 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​មនុស្ស​ណា​មាន​ខ្ទុះ​ហូរ​ចេញ​ពី​សាច់ នោះ​រាប់​ជា​ស្មោក‌គ្រោក​ហើយ ដោយ​ព្រោះ​ហូរ​ខ្ទុះ​នោះ 3នេះ​ឯង​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​នោះ ក្នុង​កាល​ដែល​ហូរ​ខ្ទុះ ទោះ​បើ​កំពុង​តែ​ហូរ​នៅ​ឡើយ ឬ​បាត់​ទៅ​ក្តី នោះ​គង់​តែ​រាប់​ជា​ស្មោក‌គ្រោក​ដែរ 4គ្រប់​ទាំង​ដំណេក​ណា​ដែល​មនុស្ស​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ 5បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 6ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 7បើ​អ្នក​ណា​ពាល់​សាច់​មនុស្ស​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 8បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 9គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​នឹង​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ 10បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 11បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច 12ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​នឹង​ចាប់​ពាល់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។
13បើ​កាល​ណា​មនុស្ស ដែល​ហូរ​ខ្ទុះ​នោះ បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ 14លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ 15ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ១​ទៀត​សំរាប់​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។
16បើ​សិន​ជា​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 17ហើយ​សំលៀក‌បំពាក់​ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ 18ឯ​ស្ត្រី​នឹង​បុរស​ណា​ដែល​បាន​សេព‌សម្ភព​គ្នា​ហើយ នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ចេញ​ទាំង​២​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។
19បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ អ្នក​ណា​ដែល​ពាល់​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 20គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ 21ឯ​អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 22ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 23បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះ‌ពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 24បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​៧​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។
25បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ 26គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក ដែល​នាង​ដេក​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ 27បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 28បើ​កាល​ណា​នាង​បាន​ស្អាត​ខ្លួន​ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ 29លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​នាង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ 30ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ១​ទៀត​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។
31គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​ឯង​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​អញ ដែល​នៅ​កណ្តាល​គេ​បាន​ស្មោក‌គ្រោក​ដែរ 32នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ 33ហើយ​ខាង​ឯ​ស្ត្រី​ដែល​ឈឺ​ដោយ​ព្រោះ​មាន​រដូវ នឹង​ខាង​ឯ​បុរស​ណា​ដែល​ហូរ​ខ្ទុះ ឬ​ស្ត្រី​ណា ដែល​ធ្លាក់​ឈាម ហើយ​ខាង​ឯ​អ្នក​ណា ដែល​រួម​ដំណេក​នឹង​ស្ត្រី​ជាប់​មាន​សេចក្ដី​ស្មោក‌គ្រោក​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in