យ៉ូប 6
6
1នោះយ៉ូបលោកឆ្លើយឡើងថា 2ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំទៅអេះ 3នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ 4ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ 5បើលាព្រៃមានស្មៅស៊ី តើវាស្រែកដែរឬ តើគោរោទ៍កំពុងដែលស៊ីចំបើងឬ 6ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ 7សេចក្ដីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
8ឱបើសិនជាខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ 9គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ 10យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ 11តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់ 12តើកំឡាំងខ្ញុំជាកំឡាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ 13នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។
14ឯអ្នកណាដែលកំពុងតែរងទុក្ខវេទនា នោះគួរឲ្យមិត្រសំឡាញ់ខ្លួនសំដែងសេចក្ដីអាណិតអាសូរដែរ ទោះបើជាអ្នកដែលលែងកោតខ្លាចដល់ព្រះដ៏មានគ្រប់ព្រះចេស្តាក៏ដោយ 15ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្តដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ 16ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ 17លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ពីកន្លែងអស់រលីង 18ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ 19ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ 20គេមានសេចក្ដីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត 21គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្ដីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត 22តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី 23តើបានថា សូមជួយឲ្យខ្ញុំរួចពីកណ្តាប់ដៃនៃពួកសត្រូវ ឬថា សូមលោះខ្ញុំពីកណ្តាប់ដៃនៃអ្នកដែលសង្កត់សង្កិនឬអី។
24សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី 25ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ 26ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី 27អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្រសំឡាញ់ខ្លួនផង 28ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ 29សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ អើ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ 30តើមានសេចក្ដីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬអី។
Currently Selected:
យ៉ូប 6: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.