យ៉ូប 5
5
1ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត 2គឺជាសេចក្ដីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្ដីច្រណែនក៏សំឡាប់មនុស្សឆោតខ្លៅ 3ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្តាសាដល់ទីលំនៅគេភ្លាម 4កូនចៅគេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ វាត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ 5ឯផលចំរូតរបស់គេ នោះពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ 6ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ 7មនុស្សកើតមកតែងមានសេចក្ដីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។
8បើជាខ្លួនខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ 9ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា 10ទ្រង់បង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ 11ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយឲ្យមនុស្សដែលក្រំក្នុងចិត្ត បានដំកើងឡើងដល់ទីសុខ 12ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសំរេចការដែលគេផ្តើមធ្វើនោះឡើយ 13ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ 14អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់ 15តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ 16យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយសេចក្ដីទុច្ចរិតត្រូវបិទមាត់ទៅ។
17មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ 18ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ 19ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្ដីវេទនា៦មុខ អើ ដល់គំរប់៧ផង នោះសេចក្ដីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ 20នៅគ្រាអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាមឲ្យរួចពីអំណាចដាវផង 21អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ 22អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ នឹងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង 23ដ្បិតអ្នក នឹងថ្មនៅស្រែ នឹងបានជាមិត្រនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ 24អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ 25អ្នកនឹងឃើញពូជពង្សអ្នកចំរើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី 26លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល 27នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។
Currently Selected:
យ៉ូប 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.