យ៉ូប 40
40
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់យ៉ូបទៀតថា 2ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
3នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា 4មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ 5ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។
6នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា 7ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ 8តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី 9តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
10ចូរឯងតែងខ្លួន ដោយសេចក្ដីរុងរឿង នឹងសេចក្ដីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស នឹងសិរីល្អចុះ 11ចូរឲ្យឯងកំចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ 12ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង 13ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់គ្រលុំមុខគេ ទុកក្នុងទីងងឹតនៃផ្នូរ 14នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។
15មើលដំរីទឹក ដែលអញបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ 16មើល កំឡាំងវានៅត្រង់ចង្កេះ ហើយសេចក្ដីប្រឹងប្រែងរបស់វានៅត្រង់សរសៃពោះ 17វាបក់កន្ទុយ ដូចជាដើមតាត្រៅ ហើយអស់ទាំងសរសៃលោងរបស់វាព័ន្ធពាក់លើគ្នា 18ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក 19វាជាការយ៉ាងសំខាន់របស់ព្រះ ហើយព្រះដែលបង្កើតវាក៏បានប្រទានឲ្យមានចង្កូម 20ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា 21វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់ 22ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ 23មើល បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ 24តើនឹងចាប់បានក្នុងកាលដែលកំពុងនៅភ្នែកបើក ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬទេ។
Currently Selected:
យ៉ូប 40: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.