យ៉ូប 28
28
1ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានទីដែលរកបានមាស សំរាប់យកទៅសំរង 2ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម 3មនុស្សគេកំចាត់សេចក្ដីងងឹតចេញ គេស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត 4គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសំរូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ 5ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ 6ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ 7ផ្លូវច្រកនោះគ្មានសត្វហើរណាដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង 8អស់ទាំងសត្វហានក្លាមិនដែលបានជាន់ ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះឡើយ 9មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ 10គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានដំឡៃ 11គេទប់រន្ធទឹក មិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។
12ប៉ុន្តែចំណែកប្រាជ្ញា តើនឹងរកឯណាបាន ហើយយោបល់ តើមានកន្លែងនៅឯណា 13មនុស្សលោកមិនស្គាល់ដំឡៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុងស្ថានរបស់មនុស្សរស់ដែរ 14ទីជំរៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ 15នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ 16នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់ដំឡៃនៃប្រាជ្ញាមិនបាន 17មាស ហើយនឹងពេជ្រនឹងផ្ទឹមស្មើមិនបាន ឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ 18មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត 19ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយដំឡៃនោះនឹងរាប់ដោយមាសមិនបាន 20ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា 21ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ 22ស្ថានវិនាស នឹងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។
23ព្រះទ្រង់ជ្រាបផ្លូវនៃប្រាជ្ញា ហើយក៏ស្គាល់ទីកន្លែងដែរ 24ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ 25ទ្រង់បានធ្វើឲ្យខ្យល់មានកំណត់ទំងន់ ហើយបានកំណត់រង្វាល់ទឹកដែរ 26ក្នុងកាលដែលទ្រង់បានដាក់កំរិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសំរាប់ផ្លេកបន្ទោរនៃផ្គរលាន់ 27ក្នុងកាលនោះ ទ្រង់បានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺទ្រង់ដែលតាំងឲ្យមានប្រាជ្ញា អើ ទ្រង់បានស្វែងប្រមូលទុក 28រួចមានបន្ទូលដល់មនុស្សយើងថា មើល សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់។
Currently Selected:
យ៉ូប 28: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.