យ៉ូហាន 21
21
1ក្រោយនោះមក ព្រះយេស៊ូវទ្រង់សំដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សំដែងមកបែបយ៉ាងនេះ 2មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនសេបេដេទាំង២ នឹងពួកសិស្ស២នាក់ទៀត នៅជាមួយគ្នា 3នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ 4ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងជាព្រះយេស៊ូវទេ 5ទ្រង់មានបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ 6រួចទ្រង់មានបន្ទូលប្រាប់ថា ចូរទំលាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទំលាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ 7នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក 8ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ 9កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ នឹងនំបុ័ងដែរ 10ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរយកត្រីខ្លះ ដែលទើបនឹងចាប់នោះមក 11ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ 12ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ 13ព្រះយេស៊ូវក៏យាងមក យកនំបុ័ង នឹងត្រី ប្រទានដល់គេ 14នោះជាគំរប់៣ដងហើយ ដែលព្រះយេស៊ូវសំដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
15កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង 16រួចទ្រង់មានបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ 17រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង 18ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង 19ទ្រង់មានបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ 20ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះ ដែលបញ្ជូនទ្រង់ 21កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ 22ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ 23ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។
24គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់គាត់ នោះពិតហើយ 25មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚
Currently Selected:
យ៉ូហាន 21: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.