យេរេមា 42
42
1គ្រានោះ មេទ័ពទាំងប៉ុន្មាន នឹងយ៉ូហាណាន ជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្តាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត 2ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្ដី ដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់ 3ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃលោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ នឹងការដែលត្រូវធ្វើ 4ហោរាយេរេមាក៏ឆ្លើយតបថា ខ្ញុំបានឮហើយ មើល ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្ដីអ្វីដែលព្រះយេហូវ៉ាទ្រង់ឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីនឹងអ្នករាល់គ្នាឡើយ 5ដូច្នេះ គេជំរាបយេរេមាថា បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ា ជាព្រះនៃលោក នឹងចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាទ្រង់ជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ 6ទោះបើជាការល្អ ឬអាក្រក់ក្តី គង់តែយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ទ្រង់នោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្ដីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។
7ក្រោយ១០ថ្ងៃមក នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមា 8រួចលោកហៅយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្តាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត 9លោកក៏ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ទ្រង់នោះ ទ្រង់មានបន្ទូលដូច្នេះថា 10បើឯងរាល់គ្នានឹងនៅជាប់ក្នុងស្រុកនេះតទៅ នោះអញនឹងសង់ឯងឡើងឥតរំលំចុះឡើយ ក៏នឹងដាំឯងរាល់គ្នាឥតរំលើងវិញដែរ ដ្បិតអញប្រែគំនិតចេញពីការអាក្រក់ ដែលអញបានធ្វើដល់ឯងរាល់គ្នាហើយ 11ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ 12អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ 13តែបើឯងរាល់គ្នាថា យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ គឺឯងរាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង 14ដោយថា ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំនឹងមិនឃើញចំបាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅវិញ 15ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើឯងរាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទជាពិត ហើយក៏ទៅអាស្រ័យនៅឯនោះ 16យ៉ាងនោះ ដាវដែលឯងរាល់គ្នាខ្លាចនោះនឹងតាមឯងទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយអំណត់អត់ដែលឯងរាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមឯងរាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះឯង ហើយឯងរាល់គ្នានឹងត្រូវស្លាប់នៅទីនោះ 17ឯអស់អ្នកដែលកាត់ចិត្តនឹងទៅអាស្រ័យ នៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់អត់ នឹងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលអញនឹងនាំមកលើគេនោះឡើយ។
18ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ 19ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ពីដំណើរឯងរាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូរឲ្យដឹងជាក់ថា នៅថ្ងៃនេះខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ 20ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ពីព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា សូមអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់នឹងមានបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម 21ដូច្នេះ នៅថ្ងៃនេះឯង ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ក្នុងការអ្វីដែលទ្រង់បានចាត់ខ្ញុំមកប្រាប់អ្នករាល់គ្នានោះសោះ 22ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ។
Currently Selected:
យេរេមា 42: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.