YouVersion Logo
Search Icon

យេរេ‌មា 40

40
1នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា​ហើយ ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា​មួយ​នឹង​ពួក​ក្រុង​យេរូ‌សាឡិម នឹង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ដឹក‌នាំ​ជា​ឈ្លើយ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​នោះ 2មេ‌ទ័ព​ធំ​ក៏​យក​យេរេមា​មក​និយាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទំលាក់​លើ​ទី​នេះ 3ហើយ​ព្រះ‌យេហូវ៉ា​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​ឯង​រាល់​គ្នា 4ដូច្នេះ​មើល នៅ​ថ្ងៃ​នេះខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បំរុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ 5រីឯ​កាល​លោក​កំពុង​កន្ទះ​រា​នៅ​ឡើយ នោះ​មេ‌ទ័ព​ធំ​ប្រាប់​ថា ចូរ​អ្នក​វិល​ទៅ​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង ឲ្យ​ត្រួត‌ត្រា​លើ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​លោក​កណ្តាល​បណ្តាជន​ចុះ ឬ​ឲ្យ​ទៅ​ឯ​កន្លែង​ណា តាម​ដែល​ចិត្ត​គិត​ឃើញ​ថា​គួរ​នោះ​មេ‌ទ័ព​ធំ ក៏​ចែក​ស្បៀង​អាហារ​ឲ្យ ព្រម​ទាំង​ឲ្យ​រង្វាន់​រួច​លែង​ឲ្យ​ទៅ 6ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តាជន​ដែល​សល់​នៅ​ក្នុង​ស្រុក។
7រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី នឹង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក 8នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា យ៉ូហា‌ណាន នឹង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត នឹង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង 9នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​នឹង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បំរើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ 10ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេងដាក់​ទុក ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ 11មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ម៉ូអាប់ នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ស្រុក​អេដំម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​សល់​នៅ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ដែល​ជា​កូន​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ 12នោះ​ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ដល់​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ​ជា​ច្រើន​ណាស់។
13រីឯ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ គេ​ក៏​មក​ឯ​កេដាលា​នៅ​ត្រង់​មីសប៉ា 14គេ​ជំរាប​លោក​ថា តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ឲ្យ​មក​សំឡាប់​លោក តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ 15គ្រា​នោះ យ៉ូហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា​ដោយ​សំងាត់ នៅ​ត្រង់​មីសប៉ា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ នោះ​ខ្ញុំ​នឹង​សំឡាប់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​បង់ ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ នឹង​ទុក​ឲ្យ​វា​មក​សំឡាប់​លោក​ធ្វើ​អ្វី យ៉ាង​នោះពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស​បង់ 16តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូហា‌ណាន ជា​កូន​ការា​ថា កុំ​ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​ពី​ដំណើរ​អ៊ីស‌ម៉ាអែល​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in