យេរេមា 39
39
1រីឯនៅខែបុស្សឆ្នាំទី៩នៃរាជ្យសេដេគា ស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នឹងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម 2ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទំលាយកំផែងទីក្រុងបានហើយ 3រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។
4កាលសេដេគា ជាស្តេចយូដា នឹងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្តាលកំផែងទាំង២ ទ្រង់ចេញដំរង់ទៅឯស្រុកវាល 5តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់ 6រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ 7ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចដាក់ច្រវាក់ដឹកនាំទៅឯស្រុកបាប៊ីឡូន 8ពួកខាល់ដេក៏ដុតព្រះរាជវាំង នឹងផ្ទះទាំងប៉ុន្មានរបស់បណ្តាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង 9រួចមកនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្តាជនដែលនៅក្នុងទីក្រុង នឹងពួកអ្នកដែលរវាតទៅខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន 10តែនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្តាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ នឹងចំការឲ្យដល់គេផង។
11រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា 12ចូរយកយេរេមាទៅទំនុកបំរុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ 13ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន 14ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។
15រីឯកាលយេរេមាកំពុងជាប់នៅក្នុងទីលានគុកនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា 16ចូរទៅប្រាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ដូច្នេះ គឺថាព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងនាំអស់ទាំងពាក្យរបស់អញមកលើក្រុងនេះ ឲ្យបានសេចក្ដីអាក្រក់មិនមែនជាសេចក្ដីល្អទេ ពាក្យទាំងនោះនឹងបានសំរេចនៅមុខឯងក្នុងថ្ងៃនោះ 17តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងជួយឯងឲ្យរួចនៅថ្ងៃនោះ ហើយឯងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកមនុស្សនោះ ដែលឯងខ្លាចឡើយ 18ដ្បិតអញនឹងជួយសង្គ្រោះឯងជាពិត ឯងមិនត្រូវដួលដោយដាវឡើយ គឺនឹងបានជីវិតទុកដូចជារបឹបវិញ ពីព្រោះឯងបានយកអញជាទីទុកចិត្ត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
Currently Selected:
យេរេមា 39: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.