យេរេមា 34
34
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ក្នុងកាលដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នឹងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយអស់ទាំងនគរនៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយកំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងទីក្រុងទាំងប៉ុន្មាន គឺថា 2ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ ចូរទៅទូលសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្តាប់ដៃ នៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល 3ឯឯង នឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន 4ប៉ុន្តែឱសេដេគា ជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរទ្រង់ថា ឯងនឹងមិនស្លាប់ដោយដាវទេ 5គឺឯងនឹងស្លាប់ដោយសេចក្ដីសុខវិញ ហើយគេនឹងបូជាសពរបស់ឯង ដូចជាបានបូជាភ្លើងថ្វាយ ដល់ពួកព្ធយុកោឯង គឺជាពួកស្តេចដែលនៅមុខឯងដែរ គេនឹងយំទួញនឹងឯងថា ឱព្រះអម្ចាស់អើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានចេញវាចាហើយ។
6នោះហោរាយេរេមា ក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់សេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម 7ក្នុងកាលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺនឹងក្រុងឡាគីស ហើយនឹងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
8នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាពាក្យដែលមកដល់យេរេមា ក្នុងពេលក្រោយដែលស្តេចសេដេគា នឹងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានតាំងសេចក្ដីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលែងដល់គេ 9គឺឲ្យគ្រប់ទាំងមនុស្សបានបើកឲ្យបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាសាសន៍ហេព្រើររួចចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើសាសន៍ហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបំរើទៀតឡើយ 10ពួកចៅហ្វាយទាំងប៉ុន្មាន នឹងបណ្តាជនទាំងឡាយ ដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងបើកលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់ប្រើគេទុកជាបាវបំរើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ 11ប៉ុន្តែក្រោយមក គេក៏បែរជាបង្ខំបាវប្រុសបាវស្រីទាំងប៉ុន្មាន ដែលគេបានលែងទៅហើយនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន នឹងធ្វើជាបាវប្រុសបាវស្រីវិញទៀត។
12ហេតុនោះ ព្រះបន្ទូលក៏មកពីព្រះយេហូវ៉ា ដល់យេរេមាថា 13ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ អញបានតាំងសេចក្ដីសញ្ញានឹងពួកព្ធយុកោឯងរាល់គ្នា នៅថ្ងៃដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីសណ្ឋានជាបាវបំរើ ដោយពាក្យថា 14លុះផុត៧ឆ្នាំហើយ នោះឯងរាល់គ្នាត្រូវលែងបងប្អូនឯង ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់ឯង ហើយបានបំរើឯងអស់៦ឆ្នាំ គឺឯងត្រូវលែងគេឲ្យរួចចេញពីឯងទៅ ប៉ុន្តែពួកព្ធយុកោឯងរាល់គ្នាមិនបានស្តាប់តាមអញទេ ក៏មិនបានផ្ទៀងត្រចៀកផង 15ឯឯងរាល់គ្នាទើប នឹងវិលមកធ្វើការ ដែលត្រឹមត្រូវនៅភ្នែកអញ ដោយប្រកាសប្រាប់សេចក្ដីប្រោសលោះ ដល់អ្នកជិតខាងឯងរៀងខ្លួនអំបាញ់មិញ ហើយបានតាំងសញ្ញានៅមុខអញ ក្នុងព្រះវិហារដែលហៅតាមឈ្មោះអញផង 16តែឥឡូវនេះ បានបែរទៅជាបង្អាប់ដល់ឈ្មោះអញវិញ ដោយបានបង្ខំឲ្យពួកបាវប្រុសបាវស្រីរបស់ឯងរៀងខ្លួន ដែលឯងបានលែងឲ្យរួចចេញតាមបំណងចិត្តគេនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន នឹងធ្វើជាបាវប្រុសបាវស្រីរបស់ឯងរាល់គ្នាវិញទៀត។
17ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាមិនបានស្តាប់តាមអញ ដើម្បីនឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះ ដល់បងប្អូនឯងរៀងខ្លួន នឹងដល់អ្នកជិតខាងឯងរៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ឯងរាល់គ្នាវិញ គឺឲ្យរួចចេញទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់អត់ដែរ អញនឹងធ្វើឲ្យឯងរាល់គ្នាត្រូវសាត់អណ្តែតទៅមក កណ្តាលអស់ទាំងនគរនៅផែនដី 18ហើយអញនឹងប្រគល់ពួកមនុស្ស ដែលបានក្បត់នឹងសេចក្ដីសញ្ញារបស់អញ ជាពួកអ្នកដែលមិនបានធ្វើតាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខអញ ក្នុងកាលដែលគេបានពុះកូនគោជា២ចំហៀង រួចដើរនៅកណ្តាលចំហៀងទាំង២នោះ 19ជាពួកចៅហ្វាយនៃស្រុកយូដា ពួកចៅហ្វាយនៃក្រុងយេរូសាឡិម ពួកសេនាបតី ពួកសង្ឃ នឹងពួកជនទាំងឡាយនៅក្នុងស្រុក ដែលបានដើរកណ្តាលចំហៀងនៃកូនគោនោះ 20គឺអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ ឯសាកសពរបស់គេនឹងជាចំណី ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី 21ហើយអញនឹងប្រគល់សេដេគាជាស្តេចយូដា នឹងពួកចៅហ្វាយ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ នឹងក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ដែលទើបនឹងថយចេញពីឯងរាល់គ្នានោះ 22ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា មើល អញនឹងបង្គាប់ ហើយនឹងធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ នោះគេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតនឹងភ្លើងចោល អញនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៃស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។
Currently Selected:
យេរេមា 34: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.