យេរេមា 33
33
1ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា 2ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា 3ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង 4ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ នឹងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ 5ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសំឡាប់ ដោយសេចក្ដីកំហឹង នឹងសេចក្ដីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ 6មើល អញនឹងនាំសេចក្ដីសុខស្រួល នឹងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ នឹងសេចក្ដីពិតជាបរិបូរឲ្យគេឃើញ 7អញនឹងធ្វើឲ្យពួកយូដា នឹងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម 8ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្ដីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ 9ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្ដីសរសើរនឹងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រ ដោយព្រោះគ្រប់ទាំងសេចក្ដីល្អ នឹងសេចក្ដីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
10ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត 11ជាសំឡេងអរសប្បាយ នឹងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី នឹងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកដង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្សឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសំរាកម្តងទៀត 13ហ្វូងសត្វនឹងចូលក្រោមដៃនៃអ្នកដែលរាប់វាម្តងទៀត នៅអស់ទាំងទីក្រុងនៅស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកបេនយ៉ាមីន នឹងគ្រប់កន្លែងជុំវិញក្រុងយេរូសាឡិម ហើយនៅទីក្រុងស្រុកយូដាទាំងប៉ុន្មានផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដា 15នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុក 16នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត ឯលំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» 17ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដាវីឌនឹងមិនដែលអាក់ខានមានមនុស្ស សំរាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ 18ហើយពួកសង្ឃ នឹងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសំរាប់ថ្វាយដង្វាយដុត ដង្វាយម្សៅ ហើយនឹងយញ្ញបូជាជាប់នៅជានិច្ចដែរ។
19ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា 20ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បើសិនជាឯងរាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់អញ ពីដំណើរថ្ងៃ នឹងយប់ ដើម្បីមិនឲ្យមានថ្ងៃឬយប់តាមធម្មតាបាន 21នោះសេចក្ដីសញ្ញាដែលអញបានតាំងនឹងដាវីឌ ជាអ្នកបំរើអញក៏នឹងផ្តាច់ទៅបានដែរ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញាដែលតាំងនឹងពួកលេវីដ៏ជាសង្ឃ ជាពួកអ្នកដែលទទួលការងាររបស់អញផង 22ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះអញនឹងចំរើនពូជដាវីឌ ជាអ្នកបំរើអញ នឹងពួកលេវី ជាពួកអ្នកទទួលការងាររបស់អញឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
23រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា 24ឯងមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំង២ដែលព្រះយេហូវ៉ាបានរើសតាំង នោះទ្រង់បានបោះបង់ចោលវិញ ទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់រាស្ត្រអញ ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ 25ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើសិនជាសេចក្ដីសញ្ញាពីដំណើរថ្ងៃហើយនឹងយប់ មិនស្ថិតស្ថេរនៅ បើអញមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ នឹងផែនដីទេ 26នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប នឹងដាវីឌ ជាអ្នកបំរើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
Currently Selected:
យេរេមា 33: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.