YouVersion Logo
Search Icon

អេសាយ 64

64
1ឱ​បើ‌សិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ 2ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ 3នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់ 4ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ 5ទ្រង់​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ មើល ទ្រង់​បាន​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ 6ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់ 7ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។
8តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា 9ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ ក៏​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​រាស្ត្រ​របស់​ទ្រង់ 10អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច​បង់​ទៅ 11ព្រះ‌វិហារ​ដ៏​បរិសុទ្ធ ហើយ​រុងរឿង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ពួក​ឰយុកោ​នៃ​យើង​ខ្ញុំ​បាន​សរសើរ​ដល់​ទ្រង់ នោះ​ត្រូវ​គេ​ដុត​ចោល​ហើយ អស់​ទាំង​កន្លែង ជា​ទី​ពេញ​ចិត្ត​របស់​យើង​ខ្ញុំ ក៏​ត្រូវ​ខូច​អស់​ទៅ​ដែរ 12ឱ​ព្រះ‌យេហូវ៉ា​អើយ ចុះ​ដែល​កើត​មាន​ការ​យ៉ាង​ដូច្នេះ តើ​ទ្រង់​នឹង​នៅ​តែ​អត់​សង្កត់​ព្រះ‌ហឫទ័យ​ឬ​អី តើ​ទ្រង់​នឹង​នៅ​តែ​ស្ងៀម ហើយ​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ជា​ខ្លាំង​ទៅ​ទៀត​ឬ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in