អេសាយ 34
34
1ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិត នឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី នឹងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ នឹងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង 2ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់ 3ខ្មោចរបស់គេដែលត្រូវសំឡាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ 4ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ 5ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដំម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត 6ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀមនឹងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសំបើមនៅក្នុងស្រុកអេដំម 7ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវនឹងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។
8ដ្បិតព្រះយេហូវ៉ា ទ្រង់មានថ្ងៃសំរាប់សងសឹក មានឆ្នាំសំរាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន 9ជ្រោះទឹកនៅស្រុកអេដំមនឹងត្រឡប់ជាជ័រ ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ ហើយស្រុកគេនឹងមានពេញជាជ័រឆេះ 10ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ 11តែទុង នឹងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក នឹងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ 12គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាន នឹងផុតអស់ទៅ 13បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ នឹងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោង សំរាប់សត្វអូសទ្រីច 14អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ 15ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗ ប្រជុំនៅទីនោះដែរ។
16ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនឹងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ 17ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។
Currently Selected:
អេសាយ 34: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.