អេសាយ 17
17
1នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។
មើល គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ 2មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ 3ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស នឹងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អរបស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
4នៅគ្រានោះ សិរីល្អរបស់ពួកយ៉ាកុបនឹងអន់ថយទៅ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គាំងស្គមទៅវិញ 5ដំណើរនោះនឹងបានដូចជាកាលអ្នកចំរូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម 6នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 7នៅគ្រានោះ មនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល 8គេនឹងលែងមើលទៅរកអាសនាជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំទៅឯរូបព្រះ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀតឡើយ 9នៅគ្រានោះ ទីក្រុងមាំមួនរបស់គេ នឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង 10ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកំឡាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង 11នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចំរូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
12វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹក ដូចជាសន្ធឹកសមុទ្រ នឹងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង 13សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ 14នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
Currently Selected:
អេសាយ 17: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.