អេសេគាល 5
5
1មួយទៀត កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់នឹងពុកចង្កាឯងចុះ រួចយកត្រាជូមកថ្លឹង ហើយបែងចែកសក់នោះ 2ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ 3ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង 4រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
5ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡិម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ នឹងប្រទេសទាំងប៉ុន្មាននៅជុំវិញ 6ប៉ុន្តែ វាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ 7ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង 8បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ 9អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង 10ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកំចាត់កំចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស 11ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង 12ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ ដោយអាសន្នរោគ ហើយនឹងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវ នៅជុំវិញឯង ហើយភាគទី៣ អញនឹងកំចាត់កំចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
13គឺយ៉ាងនោះឯង ដែលសេចក្ដីកំហឹងរបស់អញនឹងបានសំរេច ហើយអញនឹងឲ្យសេចក្ដីក្រោធរបស់អញនៅលើគេ នោះអញនឹងបានរសាយចិត្ត កាលណាអញបានសំរេចសេចក្ដីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្ដីស្រវាស្រទេញរបស់អញ 14អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង 15ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ) 16គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសំរាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចំរើនឡើង ដល់ឯង ហើយនឹងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់ 17អញនឹងបាត់សេចក្ដីអំណត់អត់ នឹងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ នឹងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។
Currently Selected:
អេសេគាល 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.