និក្ខមនំ 11
11
1ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ហើយកាលណាឲ្យទៅ នោះនឹងបង្ខំឲ្យចេញផុតពីនេះទៅទាំងអស់គ្នាផង 2ចូរនិយាយដាក់ត្រចៀកបណ្តាជនទាំងឡាយឥឡូវចុះ ប្រយោជន៍ឲ្យគេទាំងប្រុសទាំងស្រីបានសូមគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងខ្លួន 3ព្រះយេហូវ៉ាទ្រង់ក៏ធ្វើឲ្យពួកជនបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ១ទៀតម៉ូសេក៏ជាអ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ោន ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង។
4ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ 5នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងរបស់បាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ 6នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុខទៀតក៏មិនដែលមានដែរ 7ប៉ុន្តែនៅក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែ១ក៏នឹងមិនកំរើកអណ្តាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ាទ្រង់រាប់សាសន៍អេស៊ីព្ទ នឹងសាសន៍អ៊ីស្រាអែលផ្សេងអំពីគ្នា 8នោះអស់ទាំងពួកមហាតលិកទាំងនេះ គេនឹងចុះមកឱនគោរពចំពោះទូលបង្គំដោយថា សូមលោកអញ្ជើញចេញពីនេះទៅ ព្រមទាំងពួកអ្នកដែលតាមលោកផង ទើបទូលបង្គំនឹងចេញទៅ នោះលោកក៏ថយចេញពីផារ៉ោនទៅទាំងមានចិត្តក្តៅជាខ្លាំង។
9ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមិនព្រមស្តាប់ឯងទេ គឺដើម្បីឲ្យការអស្ចារ្យរបស់អញបានចំរើនឡើងនៅក្នុងស្រុកអេស៊ីព្ទ 10ម៉ូសេនឹងអើរ៉ុនក៏ធ្វើអស់ទាំងការអស្ចារ្យនោះនៅចំពោះផារ៉ោន តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅទេ។
Currently Selected:
និក្ខមនំ 11: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.