នាងអេសធើរ 5
5
1លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់ 2កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ 3ស្តេចទ្រង់មានបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង 4អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា នឹងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ។
5ដូច្នេះស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ 6កំពុងតែលៀងស្រាទំពាំងបាយជូរ នោះស្តេចមានបន្ទូលសួរអេសធើរថា តើព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែបានសំរេចឲ្យព្រះនាងដែរ 7អេសធើរទូលឆ្លើយថា សេចក្ដីសំណូមរបស់ខ្ញុំម្ចាស់ នឹងសេចក្ដីដែលខ្ញុំម្ចាស់ចង់បាន 8គឺបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសេចក្ដីសំណូម ហើយសំរេចតាមសេចក្ដីដែលខ្ញុំម្ចាស់ចង់បានដែរ នោះសូមព្រះករុណា នឹងហាម៉ានយាងមកសោយលៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត នោះខ្ញុំម្ចាស់នឹងធ្វើតាមដែលព្រះករុណាបានមានបន្ទូលហើយ។
9នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅ ដោយមានចិត្តអំណរអររីករាយ តែកាលលោកឃើញម៉ាដេកាយនៅត្រង់មាត់ទ្វារព្រះរាជវាំង ដែលមិនឈរឡើង ឬកំរើកគោរពនៅមុខខ្លួន នោះលោកមានពេញដោយសេចក្ដីឃោរឃៅចំពោះម៉ាដេកាយ 10ប៉ុន្តែលោកទ្រាំអត់នៅ ហួសទៅឯផ្ទះខ្លួនទៅ រួចចាត់គេឲ្យទៅហៅពួកមិត្រសំឡាញ់ នឹងសេរែស ជាប្រពន្ធខ្លួនមក 11ហើយថ្លែងពីសេចក្ដីរុងរឿងនៃទ្រព្យសម្បត្តិខ្លួន ពីកូនចៅដែលមានច្រើនដល់ម៉្លេះ នឹងពីស្តេចបានដំកើងងារខ្លួន ហើយតាំងឡើងខ្ពស់ជាងអស់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងប៉ុន្មាន 12លោកក៏ថ្លែងនេះទៀតថា អេសធើរ អគ្គមហេសី មិនបើកឲ្យអ្នកណាចូលទៅជាមួយនឹងស្តេច ដើម្បីបរិភោគលៀង ដែលព្រះនាងរៀបចំនោះទេ បើកឲ្យតែអញ១ប៉ុណ្ណោះ ហើយដល់ថ្ងៃស្អែក ព្រះនាងក៏អញ្ជើញអញទៅ ជាមួយនឹងស្តេចម្តងទៀត 13ប៉ុន្តែដែលអញនៅឃើញម៉ាដេកាយ ជាសាសន៍យូដានោះ អង្គុយនៅមាត់ទ្វារព្រះរាជវាំងដរាបណា នោះសគុណទាំងប៉ុន្មាននេះមិនជាអ្វីដល់អញទេ 14នោះសេរែស ជាប្រពន្ធលោក នឹងពួកសំឡាញ់ទាំងប៉ុន្មានក៏និយាយឡើងថា ត្រូវឲ្យគេដំឡើងឈើកំពស់៥០ហត្ថ រួចដល់ព្រឹកឡើង ឲ្យចូលទៅទូលសូមច្បាប់ស្តេច ដើម្បីយកម៉ាដេកាយនេះទៅចងកព្យួរទៅ ដូច្នេះ លោកនឹងចូលទៅពិសាលៀងជាមួយនឹងស្តេច ដោយអំណរបាន ដំណើរនោះបានពេញចិត្តដល់ហាម៉ាន លោកក៏ឲ្យគេដំឡើងឈើសំរាប់ព្យួរនោះឡើង។
Currently Selected:
នាងអេសធើរ 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.