YouVersion Logo
Search Icon

ចោទិយ‌កថា 25

25
1បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជំរះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ 2បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ 3មាន​ច្បាប់​នឹង​វាយ​ដល់​៤០​រំពាត់ មិន​ត្រូវ​ឲ្យ​លើស​ឡើយ ក្រែង​អ្នក​ដែល​ជា​បង​ប្អូន​ឯង​នោះ មើល​ទៅ​ដូច​ជា​ទាប‌ថោក​ពេក​ដល់​ឯង ដោយ​ឯង​វាយ​ជា​ច្រើន​លើស​ប្រមាណ។
4មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។
5កាល​ណា​មាន​បង​ប្អូន​បង្កើត​នៅ​ជា​មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់​មិន​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ក្រៅ​ណា​ទេ ត្រូវ​ឲ្យ​បង ឬ​ប្អូន​ថ្លៃ​ចូល​ទៅ​ឯ​នាង យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ត្រូវ​សំរេច​ដល់​នាង តាម​ការ​ដែល​បង ឬ​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ 6រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ឡើយ 7តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រាអែល​ទេ គាត់​មិន​ចង់​សំរេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ 8នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ 9នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន 10រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។
11បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ 12នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។
13នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ 14ក៏​មិន​ត្រូវ​មាន​រង្វាល់​២​យ៉ាង​១​ធំ​១​តូច នៅ​ក្នុង​ផ្ទះ​ឯង​ដែរ 15ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ នឹង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ 16ដ្បិត​អស់​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នោះ គឺ​ដែល​ប្រព្រឹត្ត​ការ​ដ៏​ទុច្ចរិត នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ណាស់។
17ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ា‌លេក​បាន​ធ្វើ​ដល់​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ 18គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កំឡាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ 19ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សំរាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក​ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in