YouVersion Logo
Search Icon

កូល៉ុស 1

1
1សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ព្រះ‌ហឫទ័យ​ព្រះ 2នឹង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ខ្ញុំ ផ្ញើ​មក​ពួក​បរិសុទ្ធ ជា​ពួក​បង​ប្អូន​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូល៉ុស សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា។
3យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច 4ដោយ​បាន​ឮ​ដំណាល​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ 5គឺ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថាន‌សួគ៌ ជា​សេចក្ដី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះ‌បន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ 6ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ​ជា​ប្រាកដ 7តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ា‌ប្រាស ជា​បាវ​បំរើ​ស្ងួន‌ភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា 8ហើយ​គាត់​បាន​ថ្លែង​ប្រាប់​យើង​ខ្ញុំ ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដោយ​នូវ​ព្រះ‌វិញ្ញាណ។
9ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ 10ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង 11ដោយ​បាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ចំរើន​កំឡាំង តាម​ឫទ្ធិ‌បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ‌ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ 12ព្រម​ទាំង​អរ​ព្រះ‌គុណ ដល់​ព្រះវរ‌បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍‌អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង 13ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ 14យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ 15ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក 16ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង 17ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ ដោយ‌សារ​ទ្រង់ 18ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ 19ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ 20ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់ 21រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ 22ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់ 23នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់‌លាប់ ហើយ​មាំ‌មួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។
24ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​វេទនា​ណា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ 25ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់‌កាប់​ត្រួត‌ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះ‌បន្ទូល 26គឺ​ជា​សេចក្ដី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​រៀង​រាល់​តែ​ដំណ​ត​មក តែ​ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់ 27ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម 28យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ 29ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​ត‌យុទ្ធ​តាម​ឫទ្ធិ‌បារមី​ទ្រង់ ដែល​បណ្តាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ‌ចេស្តា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in