YouVersion Logo
Search Icon

កិច្ចការ 7

7
1នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ 2ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន 3ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» 4នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ 5ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង 6ហើយ​ព្រះ‌ទ្រង់​មាន​បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ 7ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» 8ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។
9ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក 10ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង 11រីឯ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន 12នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង 13លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ 14រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក នឹង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក 15ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ 16គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។
17កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ 18ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ‌រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ 19ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ‌ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ 20នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ 21កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត 22លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន 23កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន 24លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ 25ដ្បិត​លោក​ស្មាន​ថា​បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ 26លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ 27តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង 28តើ​ចង់​សំឡាប់​អញ ដូច​ជា​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិល‌មិញ​ឬ​អី 29កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។
30លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ 31កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ថា 32«អញ​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ 33រួច​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ 34អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ» 35ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម»​ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ 36លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ 37គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ថា «ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ» 38គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោ‌ស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​បន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះ‌បន្ទូល​រស់ សំរាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ 39តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ 40ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ» 41នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ 42នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ 43ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក នឹង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។
44រីឯ​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ 45ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។
46រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សំរាប់​ព្រះ​នៃ​យ៉ាកុប 47តែ​គឺ​ហ្លួង​សាឡូម៉ូន​វិញ ដែល​ស្អាង​ដំណាក់​១​ថ្វាយ​ដល់​ព្រះ 48ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ​ដូច​ជា​ហោរា​បាន​ទាយ​ថា 49«ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន 50តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី» 51ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ 52តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ 53អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រិត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។
54កាល​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង 55តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ នឹង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ 56រួច​គាត់​មាន​វាចា​ថា មើល ខ្ញុំ​ឃើញ​មេឃ​ចំហ នឹង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ 57នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ 58គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំឡោះ​ម្នាក់ ឈ្មោះ​សុល 59គេ​ចោល​ស្ទេផាន​នឹង​ថ្ម កំពុង​ដែល​គាត់​ទូល​អង្វរ​ដល់​ព្រះ​ថា ឱ​ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូលបង្គំ​ផង 60នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ឯ​សុល​ក៏​យល់​ព្រម​ក្នុង​ការ​សំឡាប់​គាត់​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in