២ ពង្សាវតារក្សត្រ 12
12
21កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ 1គឺនៅឆ្នាំទី៧ក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសចាប់តាំងសោយរាជ្យឡើង ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា 2រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់ 3ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្តាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
4យ៉ូអាស ទ្រង់មានបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា 5នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ 6ប៉ុន្តែដល់ឆ្នាំទី២៣ ក្នុងរាជ្យស្តេចយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៅឡើយ 7ដូច្នេះ ស្តេចយ៉ូអាសទ្រង់ហៅយេហូយ៉ាដាដ៏ជាសង្ឃ នឹងពួកសង្ឃឯទៀតមកសួរថា ហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេ គឺត្រូវប្រគល់ប្រាក់នោះទៅ សំរាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ 8ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្តាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
9ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ 10រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហឹបហើយ នោះស្មៀនហ្លួង នឹងសំដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក 11ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសំដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យ ដល់ពួកជាងឈើ នឹងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ា 12ហើយដល់ពួកជាងរៀបថ្ម នឹងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ នឹងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង 13ប៉ុន្តែមិនបានយកប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាសគ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ 14ដ្បិតគេបានឲ្យដល់ពួកជាង ដែលធ្វើការវិញ សំរាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា 15មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សំរាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់ 16ឯប្រាក់ ជាដំឡៃនៃដង្វាយដោយព្រោះការរំលង នឹងប្រាក់ជាដំឡៃនៃដង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារនៃព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
17នៅគ្រានោះ ហាសែលជាស្តេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលដំរង់ព្រះភក្ត្រឆ្ពោះទៅឯក្រុងយេរូសាឡិមទៀត 18នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
19រីឯដំណើរឯទៀតពីយ៉ូអាស នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 20ពួកអ្នកបំរើរបស់យ៉ូអាស ក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសំឡាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា 21គឺយ៉ូសាការ ជាកូនស៊ីមាត នឹងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបំរើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
Currently Selected:
២ ពង្សាវតារក្សត្រ 12: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.