១ របាក្សត្រ 21
21
1គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ 2ដាវីឌទ្រង់មានបន្ទូលទៅយ៉ូអាប់ នឹងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង 3យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចំរើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបំរើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែល មានទោសធ្វើអី 4ប៉ុន្តែព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡិមវិញ 5នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដា ដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់ 6តែពួកលេវីនឹងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្តដល់យ៉ូអាប់ 7ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល 8ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្ត ដោយបែបចំកួតណាស់។
9ខណនោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់កាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ 10ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង 11កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូររើសយក១ចុះ 12ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក នឹងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា 13ដាវីឌទ្រង់មានបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ 14ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់ 15ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស 16ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ នឹងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ នឹងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ 17ហើយដាវីឌទ្រង់ទូលដល់ព្រះថា គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឲ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឲ្យគេត្រូវវេទនាឡើយ។
18នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស 19ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា 20កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ ដែលនៅជាមួយ ក៏ពួនខ្លួន 21ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ 22ឯដាវីឌ ទ្រង់មានបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ 23អ័រ៉ៅណាគាត់ទូលតបថា បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះទ័យទ្រង់ចុះ មើល ទូលបង្គំក៏ថ្វាយគោ សំរាប់ដង្វាយដុត ប្រដាប់បញ្ជាន់ស្រូវ សំរាប់ជាឧស នឹងស្រូវនេះ សំរាប់ជាដង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់ 24តែស្តេចដាវីឌទ្រង់មានបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញ ដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយដង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ 25ដូច្នេះ ដាវីឌក៏ថ្លឹងមាសដំឡៃ៦០០រៀល ឲ្យដល់អ័រ៉ៅណា ប្តូរនឹងទីលាន 26រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុតនឹងដង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាដង្វាយដុត 27ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។
28នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ 29ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនាដង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ 30ដាវីឌយាងទៅឯមុខអាសនានោះ ដើម្បីទូលសួរដល់ព្រះមិនបាន ដោយភ័យខ្លាច ដល់ដាវរបស់ទេវតានៃព្រះយេហូវ៉ា។
Currently Selected:
១ របាក្សត្រ 21: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.