កំណើត​ពិភព​លោក 4

4
កបេល និង​ហាបេល
1អាដាមរួម​រស់​ជា​មួយ​នាង​ហាវ៉ា​ជា​ភិរយា នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ ឈ្មោះ​កបេល នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ»។ 2នាង​សំរាល​បាន​កូន​មួយ​ទៀត គឺ​ហាបេល ជា​កូន​ប្អូន។ ក្រោយ​មក ហាបេល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​កបេល ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។
3លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ កបេល​ក៏​យក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​គាត់ មក​ជូនអុលឡោះ‌តាអាឡា4ហាបេល​ក៏​បាន​នាំ​យក​កូន​សត្វ​ដែល​កើត​មុន​គេ​បង្អស់ ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់របស់​វា​មក​ជូន​ដែរ។ អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ហាបេល ព្រម​ទាំង​ជំនូន​របស់​គាត់ 5ប៉ុន្តែ អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​កបេល ព្រម​ទាំង​ជំនូន​របស់​គាត់​ទេ។ កបេល​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល​មុខ​ទៀត​ផង។ 6អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កបេល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្តៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល​មុខ​ដូច្នេះ? 7ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក​រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។
8កបេល​បាន​បបួល​ហាបេល ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។
9 អុលឡោះ‌តាអាឡា​សួរ​កបេល​ថា៖ «ហាបេល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ទៅ​កាន់​អុលឡោះ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ! តើ​ខ្ញុំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ខ្ញុំ​ឬ?»។ 10អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កបេល​ថា៖ «ម្តេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សំរែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។ 11ឥឡូវ​នេះ​អ្នក​ត្រូវ​បណ្តាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ ដោយ​ផ្ទាល់​ដៃ។ 12ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ​ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់​ព្រាត់​នៅ​លើ​ផែនដី»។ 13កបេល​និយាយ​ទៅ​កាន់អុលឡោះ‌តាអាឡា​ថា៖ «ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ។ 14ថ្ងៃ​នេះ ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ដី​ដែល​មាន​ជី​ជាតិ​ល្អ ខ្ញុំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ទ្រង់​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា​សាត់​ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ខ្ញុំ គេ​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។ 15អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កបេល គេ​នឹង​សង​សឹក​អ្នក​នោះ​វិញ មួយ​ជា​ប្រាំ​ពីរ»។ បន្ទាប់​មក អុលឡោះ‌តាអាឡា​ដៅ​សញ្ញា​សំគាល់​មួយ​នៅ​លើ​កបេល។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។ 16បន្ទាប់​មក​ទៀត កបេល​បាន​ចាក​ចេញ​ឆ្ងាយ​ពី អុលឡោះ​ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។
ពូជ‌ពង្ស​របស់​កបេល
17កបេល​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។ 18ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក អ៊ីរ៉ាដ​បង្កើត​មហ៊ូ‌យ៉ែល មហ៊ូ‌យ៉ែល​បង្កើត​មទូសែល មទូសែល​បង្កើត​ឡាម៉េក។
19ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ អដា ម្នាក់​ទៀត​ឈ្មោះ​ស៊ីឡា។ 20អដា​បង្កើត​កូន​មួយ​នាក់ ឈ្មោះ​យ៉ាបាល ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។ 21ប្អូន​របស់​យ៉ាបាល ឈ្មោះ​យូបាល ជា​បុព្វ‌បុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។
22រីឯ​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-កាអ៊ីន ជា​បុព្វ‌បុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​ទូបាល-កាអ៊ីន ឈ្មោះ​ណាអា‌ម៉ា។
23ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖
«អដា និង​ស៊ីឡា​អើយ ចូរ​ស្តាប់​សំដី​ខ្ញុំ!
ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្តី​ដែល​ខ្ញុំ​និយាយ!
ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មុខ​របួស​មួយ
ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។
24បើ​គេ​វាយ​សម្លាប់​កបេល ត្រូវ​សម្លាប់​ប្រាំ​ពីរ​នាក់​សង​សឹក​វិញ
ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ​ពីរ​នាក់ ដើម្បី​សង​សឹក»។
25អាដាម​រួម​រស់​ជា​មួយ​ភរិយា​ម្តង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​អុលឡោះ​ប្រទាន​កូន​មួយ​ទៀត​មក​ឲ្យ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​ហាបេល ដែល​កបេល​បាន​សម្លាប់»។
26សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​អុលឡោះ​ហៅ​ទ្រង់​ថា «អុលឡោះ‌តាអាឡា»។

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول

فيديو ل កំណើត​ពិភព​លោក 4