YouVersion 標誌
搜尋圖標

យ៉ូហាន 20

20
ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាថាយ ២៨.១-៨ ម៉ាកុស ១៦.១-៨ លូកា ២៤.១-១២)
1នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។ 2នាង​ក៏​រត់​មក​ជម្រាប​លោក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស*​ម្នាក់​ទៀត ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។ 3លោក​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​នោះ ក៏​ចេញ​ទៅ​ផ្នូរ។ 4សិស្ស​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​លោក​ពេត្រុស ទៅ​ដល់​ផ្នូរ​មុន។ 5គាត់​ឈ្ងោក​មើល​ទៅ ឃើញ​សំពត់​ស្នប តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។ 6លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ 7ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។ 8ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ គាត់​បាន​ឃើញ​ហើយ​ជឿ។ 9កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថ‌ន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះ‌យេស៊ូ​ត្រូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។ 10បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។
នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​បាន​ឃើញ​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៨.៩-១០ ម៉ាកុស ១៦.៩-១០)
11នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។ នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ 12ឃើញ​ទេវតា*​ពីរ​រូប​ស្លៀក‌ពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ ម្នាក់​អង្គុយ​នៅ​ខាង​ព្រះ‌សិរសា ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះ‌បាទា។ 13ទេវតា​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។ 14ពេល​នាង​កំពុង​តែ​និយាយ​ដូច្នេះ នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ 15ព្រះ‌យេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ‌រក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។ 16ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះអង្គ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“ព្រះ‌គ្រូ!”។ 17ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បងប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។ 18នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ទៅ ជម្រាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជម្រាប​អំពី​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​នាង។
ពួក​សិស្ស​បាន​ឃើញ​ព្រះ‌យេស៊ូ
(មថ.២៨.១៦-២០ មក.១៦.១៤-១៨ លក.២៤.៣៦-៤៨)
19នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស*​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ 20ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះ‌ហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។ 21ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ដូច​ព្រះ‌បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។
22បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ហើយ ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ!។ 23 បើ​អ្នក​រាល់​គ្នា​លើក‌លែង​ទោស​អ្នក​ណា​ឲ្យ​រួច​ពី​បាប* ព្រះ‌ជាម្ចាស់​ក៏​នឹង​លើក‌លែង​ទោស​អ្នក​នោះ​ឲ្យ​រួច​ពី​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន»។
ព្រះ‌យេស៊ូ និង​លោក​ថូម៉ាស
24កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។ 25សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។
26ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់ ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ 27បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹង‌រូស​មិន​ព្រម​ជឿ​ដូច្នេះ!»។ 28លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»។ 29ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ​ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ!»។
គោល‌ដៅ​របស់​គម្ពីរ​យ៉ូហាន
30ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។ 31រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះអង្គ ។

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入