YouVersion 標誌
搜尋圖標

យ៉ូហាន 15

15
ព្រះ‌យេស៊ូ​ជា​ដើម​ទំពាំង‌បាយ​ជូរ​ដ៏​ពិត
1«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះ‌បិតា​ខ្ញុំ​ជា​ម្ចាស់​ចម្ការ។ 2មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ ព្រះ‌បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ ព្រះអង្គ​លួស​មែក​នោះ ដើម្បី​ឲ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ 3ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។ 4ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។ 5ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។ 6អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ 7បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។ 8ព្រះ‌បិតា​របស់​ខ្ញុំ​សម្តែង​សិរី‌រុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។ 9ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ 10បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។ 11ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។
12 នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ 13គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។ 14បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។ 15ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។ 16មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។ 17រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។
មនុស្ស​លោក​ស្អប់​ព្រះ‌យេស៊ូ និង​ស្អប់​សិស្ស​របស់​ព្រះអង្គ
18«ប្រសិន​បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។ 19ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។ 20 ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ 21ប៉ុន្តែ គេ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ 22ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។ 23អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ 24ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ ស្អប់​ទាំង​ព្រះ‌បិតា​ខ្ញុំ​ទៀត​ផង 25 គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ*​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”26រីឯ​ព្រះ​ដ៏​ជួយ​ការពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ‌បិតា​ឲ្យ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត ព្រះអង្គ​ចេញ​ពី​ព្រះ‌បិតា​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ 27ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពី‌ព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入