លូកា 18
18
ពាក្យឧបមាអំពីស្រ្តីមេម៉ាយ និងចៅក្រម
1ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមា ដើម្បីបញ្ជាក់ថា ពួកគេត្រូវតែអធិស្ឋានជានិច្ច ហើយកុំឲ្យធ្លាក់ទឹកចិត្តឡើយ។ 2ព្រះអង្គមានបន្ទូលថា៖“នៅទីក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ហើយក៏មិនគោរពមនុស្សដែរ។ 3នៅទីក្រុងនោះមានស្ត្រីមេម៉ាយម្នាក់ ដែលតែងតែមករកចៅក្រមនោះ ទាំងនិយាយថា: ‘សូមរកយុត្តិធម៌ឲ្យខ្ញុំ ក្នុងរឿងក្ដីជាមួយគូវិវាទរបស់ខ្ញុំផង’។
4 “ចៅក្រមនោះមិនព្រមមួយរយៈ ប៉ុន្តែក្រោយមក គាត់ក៏និយាយក្នុងចិត្តថា: ‘ទោះបីជាអញមិនកោតខ្លាចព្រះ ឬមិនគោរពមនុស្សក៏ដោយ 5ក៏ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះរំខានអញ អញនឹងរកយុត្តិធម៌ឲ្យនាង បើមិនដូច្នោះទេ នាងចេះតែមករហូតដល់ធ្វើឲ្យអញធុញទ្រាន់!’”។
6បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖“ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! 7តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយ#18:7 ជួយ―ជាពាក្យជំនួយ។ពួកគេឬ? 8ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។
ពាក្យឧបមាអំពីផារិស៊ី និងអ្នកទារពន្ធ
9ចំពោះអ្នកខ្លះដែលទុកចិត្តលើខ្លួនឯងថាជាមនុស្សសុចរិត ហើយមើលងាយអ្នកដទៃ ព្រះយេស៊ូវក៏មានបន្ទូលជាពាក្យឧបមានេះដែរថា៖ 10“មានបុរសពីរនាក់ឡើងទៅព្រះវិហារដើម្បីអធិស្ឋាន។ ម្នាក់ជាពួកផារិស៊ី ហើយម្នាក់ទៀតជាអ្នកទារពន្ធ។ 11ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯង#18:11 ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯង―ឬ “ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះតែម្នាក់ឯង”។ថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។ 12ទូលបង្គំតមអាហារមួយសប្ដាហ៍ពីរដង; ទូលបង្គំថ្វាយតង្វាយមួយភាគដប់ពីអ្វីៗទាំងអស់ដែលទូលបង្គំទទួលបាន’។
13 “រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។ 14ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ប្រទានពរក្មេងៗ
15មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គពាល់ពួកវា។ នៅពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីឲ្យអ្នកទាំងនោះ។ 16ប៉ុន្តែព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។ 17ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។
បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន
18មានមេគ្រប់គ្រងម្នាក់ទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ទើបខ្ញុំបានទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
19ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ? ក្រៅពីព្រះមួយអង្គ គ្មានអ្នកណាល្អឡើយ។ 20អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា:
‘កុំផិតក្បត់
កុំសម្លាប់មនុស្ស
កុំលួច
កុំធ្វើបន្ទាល់ភូតភរ
ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក’ # 18:20 《និក្ខមនំ》 20:12-16; 《ទុតិយកថា》 5:16-20។ ”។
21បុរសនោះទូលថា៖ “ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះតាំងពីក្មេងមកម្ល៉េះ”។
22ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកនៅខ្វះការមួយ។ ចូរលក់អ្វីៗទាំងអស់ដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
23ប៉ុន្តែបុរសនោះបានឮសេចក្ដីទាំងនេះហើយ ក៏បែរជាពិបាកចិត្តក្រៃលែង ពីព្រោះគាត់ជាអ្នកមានស្ដុកស្ដម្ភ។
ទ្រព្យសម្បត្តិ និងស្ថានសួគ៌
24ព្រះយេស៊ូវទតឃើញគាត់បែរជាពិបាកចិត្តក្រៃលែងដូច្នេះ#18:24 ឯកសារបុរាណខ្លះគ្មាន “បែរជាពិបាកចិត្តដូច្នេះ”។ ក៏មានបន្ទូលថា៖“អ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎! 25សត្វអូដ្ឋចូលតាមគូទម្ជុល ងាយជាងអ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ!”។
26ពួកអ្នកដែលឮក៏ទូលថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។
27ព្រះយេស៊ូវមានបន្ទូលថា៖“អ្វីៗដែលមនុស្សធ្វើមិនកើត សម្រាប់ព្រះ ធ្វើកើតទាំងអស់”។
28ពេត្រុសទូលថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗរបស់ខ្លួន#18:28 អ្វីៗរបស់ខ្លួន―ឯកសារបុរាណខ្លះថា “អ្វីៗទាំងអស់”។ មកតាមលោកហើយ!”។
29ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាដែលលះបង់ផ្ទះសម្បែង ឬបងប្អូន ឬប្រពន្ធ ឬឪពុកម្ដាយ ឬកូន ដោយសារតែអាណាចក្ររបស់ព្រះ 30ហើយមិនទទួលបានច្រើនដងលើសមុននៅលោកបច្ចុប្បន្ន និងមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ”។
ប្រាប់ជាមុនជាលើកទីបីអំពីការសុគត
31ព្រះយេស៊ូវទ្រង់នាំសាវ័ក#18:31 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់មកជិត ហើយមានបន្ទូលនឹងពួកគេថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលមានសរសេរទុកមកអំពីកូនមនុស្សតាមរយៈបណ្ដាព្យាការីនឹងត្រូវបានបំពេញឲ្យសម្រេច។ 32ពោលគឺ លោកនឹងត្រូវគេប្រគល់ទៅសាសន៍ដទៃ ហើយត្រូវគេចំអកឡកឡឺយ បង្អាប់បង្អោន និងស្ដោះទឹកមាត់ដាក់; 33ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
34ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។
ប្រោសមនុស្សខ្វាក់ភ្នែកនៅយេរីខូរឲ្យជា
35នៅពេលព្រះយេស៊ូវយាងមកជិតយេរីខូរ មានបុរសខ្វាក់ភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ 36គាត់ឮហ្វូងមនុស្សដើរកាត់ ក៏សួរគេថាមានអ្វីកើតឡើង។ 37គេប្រាប់គាត់ថា៖ “យេស៊ូវអ្នកណាសារ៉ែតកំពុងដើរកាត់”។
38គាត់ក៏ស្រែកឡើងថា៖ “ព្រះយេស៊ូវ បុត្រដាវីឌ#18:38 បុត្រដាវីឌ―ឬ “ពូជពង្សដាវីឌ”។អើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ 39ពួកអ្នកដែលដើរនាំមុខក៏ស្ដីឲ្យគាត់នៅស្ងៀម ប៉ុន្តែគាត់ស្រែកកាន់តែខ្លាំងឡើងថា៖ “បុត្រដាវីឌ#18:39 បុត្រដាវីឌ―ឬ “ពូជពង្សដាវីឌ”។អើយ! សូមអាណិតមេត្តាទូលបង្គំផង!”។
40ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់គេឲ្យនាំគាត់មកឯព្រះអង្គ។ នៅពេលបុរសខ្វាក់ភ្នែកនោះបានមកជិត ព្រះអង្គទ្រង់សួរគាត់ថា៖ 41“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។
គាត់ទូលថា៖ “ព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមើលឃើញវិញផង!”។
42ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ 43រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយទៅតាមព្រះយេស៊ូវ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះ។ ប្រជាជនទាំងអស់ដែលបានឃើញការនេះ ក៏សរសើរតម្កើងព្រះដែរ៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative