YouVersion 標誌
搜尋圖標

លូកា 19

19
ព្រះ‌យេស៊ូវ និង​លោក​សាខេ
1ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ហើយ​យាង​កាត់​ទី​ក្រុង។ 2នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​ទារ​ពន្ធ។ 3គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ​មាន​ភិនភាគ​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ពេក ហើយ​គាត់​ក៏​តូច​ទាប​ផង។ 4ដូច្នេះ គាត់​រត់​ទៅ​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​មក​តាម​ផ្លូវ​នោះ។ 5ពេល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ទី​នោះ ទ្រង់​ក៏​ងើប​ព្រះ‌ភក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក»។ 6គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ។ 7ពេល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «លោក​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​បាប»។ 8ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា៖ «មើល៍! ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​បំបាត់​អ្វី​ដល់​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​មួយ​ជា​បួន​វិញ»។ 9ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ព្រោះ​អ្នក​នេះ​ក៏​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ដែរ។ 10ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក ហើយ​សង្គ្រោះ​មនុស្ស​បាត់​បង់»។
រឿង​ប្រៀប​ធៀប​អំពី​ប្រាក់​ណែន
(ម៉ាថាយ ២៥.១៤-៣០)
11កាល​គេ​កំពុង​តែ​ស្តាប់​សេចក្តី​ទាំង​នេះ​នៅ​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលជា​រឿង​ប្រៀប​ធៀប​មួយ​ថែម​ទៀត ដោយ​ព្រោះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា ព្រះរាជ្យ​របស់​ព្រះ​ត្រូវ​លេច​មក​ភ្លាម។ 12ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​រាជ្យមួយ រួច​ត្រឡប់​មក​វិញ។ 13លោក​បាន​ហៅ​ពួក​បាវ​បម្រើ​ដប់​នាក់ មក​ប្រគល់​ប្រាក់​ដប់​ណែន ដល់​គេ ដោយ​ផ្ដាំ​ថា "ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ជំនួញ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ"។ 14ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។ 15ពេល​ត្រឡប់​មក​វិញ គឺ​ក្រោយ​ពី​បាន​ទទួល​រាជ្យនោះ​ហើយ ព្រះរាជា​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​បម្រើ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​បាន​ចំណេញ​ប៉ុន្មាន។ 16អ្នក​ទីមួយ​ចូល​មក ហើយ​ទូល​ថា៖ "ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ព្រះ‌អង្គ​ចំណេញ​បាន​ដប់​ណែន​ទៀត"។ 17ព្រះរាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា៖ "ប្រពៃ​ហើយ​បាវ​បម្រើ​ល្អ​អើយ ដោយ​ព្រោះ​អ្នក​មាន​ចិត្ត​ស្មោះត្រង់​នឹង​ការ​ដ៏​តូច​នេះ ចូរ​អ្នក​ត្រួត​លើ​ទី​ក្រុង​ដប់​ចុះ"។ 18អ្នក​ទី​ពីរ​ក៏​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ព្រះ‌អង្គ​បាន​ចំណេញ​ប្រាំ​ណែន​ទៀត"។ 19ព្រះ‌រាជា​មាន​រាជ‌ឱង្ការទៅ​អ្នក​នោះ​ដែរ​ថា "ឯ​អ្នក ចូរ​ត្រួត​លើ​ទី​ក្រុង​ប្រាំ​ចុះ"។ 20ម្នាក់​ទៀត​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ នេះ​នែ៎​ប្រាក់​ណែន​របស់​ព្រះ‌អង្គ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង 21ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ជា​មនុស្ស​ប្រិត‌ប្រៀប ព្រះ‌អង្គ​ប្រមូល​យក​របស់​ដែល​ព្រះ‌អង្គ​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូត​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ"។ 22ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "នែ៎​បាវ​បម្រើ​អាក្រក់! យើង​នឹង​ដាក់​ទោស​អ្នក តាម​សម្ដី​របស់​អ្នក។ ចុះ​បើអ្នក​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​ប្រមូល​យក​អ្វី​ដែល​យើង​មិន​បាន​ដាក់ ហើយ​ច្រូតអ្វី​ដែល​យើង​មិន​បាន​សាប​ព្រោះ 23ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​យក​ប្រាក់​នោះ ទៅ​ដាក់​នៅ​ផ្ទះ​អ្នក​ចង​ការ ដើម្បី​នៅ​ពេល​យើង​ត្រឡប់​មក​វិញ យើង​អាច​ទទួល​បាន​ទាំង​ដើម​ទាំង​ការ?" 24ព្រះ‌រាជាបញ្ជា​ទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​មុខ​លោក​ថា "ចូរ​ដក​យក​ប្រាក់​មួយ​ណែន​ពី​វា ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​ដប់​ណែន​វិញ"។ 25(អ្នក​ទាំង​នោះ​ទូល​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​ដប់​ណែន​ហើយ")។ 26"យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។ 27ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។
ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម
(ម៉ាថាយ ២១.១-១១ ម៉ាកុស ១១.១-១១ យ៉ូហាន ១២.១២-១៩)
28លុះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​មុខ សំដៅ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។
29ពេល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេតថានី នៅ​ក្បែរ​ភ្នំ ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ​នោះ ព្រះ‌អង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ 30ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹក​យក​មក។ 31បើ​អ្នក​ណា​សួរ​អ្នក​ថា "ស្រាយ​វា​ធ្វើ​អី?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា"»។ 32ដូច្នេះ អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាត់​នោះ ក៏​បាន​ឃើញ​ដូច​ជា​ព្រះ‌អង្គ​ប្រាប់​ពួក​គេ​មែន។ 33ពេល​ពួក​គេ​កំពុង​ស្រាយ​កូន​លា​នោះ ម្ចាស់​ក៏​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?» 34គេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។ 35គេ​ក៏​ដឹក​វា​ទៅ​ថ្វាយ​ព្រះ‌យេស៊ូវ ហើយ​ក្រាល​អាវ​គេ​លើ​ខ្នង ថ្វាយ​ទ្រង់​គង់។ 36កំពុង​ដែល​ព្រះ‌អង្គ​យាង​ទៅ ប្រជា‌ជន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ 37ពេល​ព្រះ‌អង្គ​យាង​ទៅ​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ហ្វូង​ចាប់​ផ្តើម​មាន​ចិត្ត​រីក‌រាយ ហើយ​សរសើរ​តម្កើង​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​គេ​បាន​ឃើញ។
38គេ​ពោល​ថា
«សូម​ស្តេច​ដែល​យាង​មក
ក្នុង​នាម​ព្រះ‌អម្ចាស់
ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ
សូម​សេចក្ដី​សុខ​សាន្ត​នៅ​ស្ថាន‌សួគ៌
និង​សិរី​ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» ។
39មាន​ពួក​ផារិស៊ី​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​មនុស្ស គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង»។ 40ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​ជំនួស​វិញ»។
ព្រះ‌យេស៊ូវ​ព្រះ‌កន្សែង​នឹង​ក្រុង​យេរូ‌សាឡិម
41កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់ ទត​ឃើញ​ទី​ក្រុង​ហើយ នោះ​ទ្រង់​ក៏​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា៖ 42«ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្តី សម្រាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត! ប៉ុន្តែ ឥឡូវ​នេះ សេចក្តី​ទាំង​នោះ​បាន​កំបាំង​ពី​ភ្នែក​ឯង​ហើយ។ 43ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​ឯង​គ្រប់​ទិស 44គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ទៀត​ឡើយ ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ»។
ព្រះ‌យេស៊ូវ​សម្អាត​ព្រះ‌វិហារ
(ម៉ាថាយ ២១.១២-១៧ ម៉ាកុស ១១.១៥-១៩ យ៉ូហាន ២.១៣-២២)
45បន្ទាប់​មក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ 46ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ដំណាក់​របស់​យើង​ជា​ទី​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​ទៅ​វិញ» ។
47ព្រះ‌អង្គ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ។ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​ចំណោម​ប្រជា‌ជន គេ​ខំ​នាំ​គ្នា​ស្វែង​រក​ឱកាស​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ 48ប៉ុន្តែ គេ​រក​ធ្វើ​អ្វី​មិន​បាន​សោះ ព្រោះ​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់។

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入