កិច្ចការ 9
9
លោកសុលប្រែចិត្ដជឿព្រះយេស៊ូវ
1នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ 2សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។ 3ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ទៅជិតដល់ក្រុងដាម៉ាស ស្រាប់តែមានពន្លឺពីលើមេឃ ចាំងមកជុំវិញគាត់។ 4គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?» 5គាត់តបវិញថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះជាយេស៊ូវ ដែលអ្នកបៀតបៀន 6ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងទៅ នៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ 7ពួកអ្នកដែលដើរជាមួយគាត់ គេឈរស្ងៀមឥតនិយាយអ្វីឡើយ ព្រោះគេឮសំឡេង តែមិនឃើញមានអ្នកណាសោះ។ 8លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។ 9រយៈពេលបីថ្ងៃ គាត់មើលមិនឃើញអ្វីសោះ ក៏មិនបានបរិភោគ ឬផឹកអ្វីឡើយ។
10នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ 11ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅតាមផ្លូវដែលហៅថា "ផ្លូវត្រង់" ហើយរកមើលមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិត មើល៍ គាត់កំពុងតែអធិស្ឋាន 12ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។ 13អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម 14ហើយនៅទីនេះ គាត់បានទទួលអំណាចពីពួកសង្គ្រាជ ដើម្បីចាប់ចងអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអង្គ»។ 15ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។ 16ខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ដោយព្រោះឈ្មោះខ្ញុំ»។ 17ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។ 18រំពេចនោះ មានអ្វីមួយដូចជាស្រកាជ្រុះចុះពីភ្នែករបស់គាត់ ហើយគាត់ក៏បានភ្លឺឡើងវិញ។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។ 19ក្រោយពីបានបរិភោគអាហារ គាត់ក៏មានកម្លាំងឡើងវិញ។
លោកសុលប្រកាសព្រះបន្ទូលនៅក្រុងដាម៉ាស
លោកស្នាក់នៅក្រុងដាម៉ាសជាមួយពួកសិស្សជាយូរថ្ងៃ 20ហើយក៏ចាប់ផ្តើមប្រកាសពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានភ្លាមថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ»។ 21អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។ 22ប៉ុន្ដែ លោកសុលមានកម្លាំងកាន់តែខ្លាំងឡើង ហើយបានផ្ចាញ់ពួកសាសន៍យូដាដែលនៅក្រុងដាម៉ាស ដោយបញ្ជាក់ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទពិតមែន។
លោកសុលរត់គេចពីពួកសាសន៍យូដា
23យូរថ្ងៃក្រោយមក ពួកសាសន៍យូដាបានពិគ្រោះគ្នាសម្លាប់លោក 24តែលោកសុលបានជ្រាបពីគម្រោងការរបស់គេ។ ពួកគេឃ្លាំចាំមើលនៅតាមទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់លោក។ 25ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។
លោកសុលនៅក្រុងយេរូសាឡិម
26ពេលលោកសុលបានមកដល់ក្រុងយេរូសាឡិម លោកព្យាយាមចូលរួមជាមួយពួកសិស្ស តែគេទាំងអស់គ្នាខ្លាចលោក ដ្បិតគេមិនជឿថា លោកជាសិស្សឡើយ។ 27ប៉ុន្ដែ លោកបាណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក រួចរៀបរាប់ប្រាប់គេពីដំណើរដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់លោក និងពីដំណើរដែលលោកបានប្រកាសយ៉ាងក្លាហាននៅក្រុងដាម៉ាស ក្នុងព្រះនាមព្រះយេស៊ូវ។ 28ដូច្នេះ លោកក៏នៅជាមួយពួកសាវក ហើយចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហាន ក្នុងព្រះនាមព្រះអម្ចាស់។ 29លោកជជែកវែកញែកជាមួយពួកហេលេន តែគេបែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ 30កាលពួកបងប្អូនបានដឹងដំណឹងនេះ គេក៏នាំលោកចុះទៅក្រុងសេសារា ហើយឲ្យលោកចេញទៅក្រុងតើសុស។
31ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។
លោកពេត្រុសប្រោសលោកអេនាសឲ្យជា
32នៅគ្រានោះ លោកពេត្រុសធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោកបានចុះទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្រុងលីដា។ 33នៅទីនោះ លោកឃើញបុរសម្នាក់ឈ្មោះអេនាស មានជំងឺស្លាប់ដៃជើង ដេកជាប់នៅលើគ្រែអស់ប្រាំបីឆ្នាំមកហើយ។ 34លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេនាសអើយ! ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជា ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកទៅ!» គាត់ក៏ក្រោកឡើងភ្លាម។ 35មនុស្សទាំងប៉ុន្មាននៅក្រុងលីដា និងស្រុកសារ៉ូន ឃើញដូច្នោះ គេក៏ងាកបែរមករកព្រះអម្ចាស់។
លោកពេត្រុសនៅក្រុងលីដា និងក្រុងយ៉ុបប៉េ
36នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។ 37នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។ 38ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។ 39ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលលោកមកដល់ គេនាំលោកទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មានឈរជិតលោកទាំងយំ ហើយបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មានដែលនាងឌ័រកាសបានធ្វើឲ្យ កាលនាងនៅរស់នៅឡើយ។ 40ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ 41លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។ 42ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។ 43លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ក្នុងផ្ទះជាងសម្លាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។
© 2016 United Bible Societies