Matthew 10
10
1 កាលព្រះអង្គហៅសិស្សទាំងដប់ពីរមកហើយ ព្រះអង្គក៏ប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ ដើម្បីបណ្ដេញពួកវា និងប្រោសជំងឺរោគាគ្រប់យ៉ាងឲ្យបានជា។
2 សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ ទីមួយលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេជាប្អូនរបស់គាត់ រួចមានកូនរបស់លោកសេបេដេ គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់
3 ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
4 លោកស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។
5 ព្រះយេស៊ូបានចាត់សាវកទាំងដប់ពីរនេះឲ្យចេញទៅដោយបង្គាប់ថា៖ «ចូរកុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលក្នុងក្រុងពួកសាម៉ារី
6 ផ្ទុយទៅវិញ ចូរទៅរករាស្ដ្រអ៊ីស្រាអែលដែលជាចៀមវង្វេងរបស់ព្រះជាម្ចាស់
7 ហើយពេលទៅ ត្រូវប្រកាសថា នគរស្ថានសួគ៌នៅជិតបង្កើយ
8 ចូរប្រោសអ្នកឈឺឲ្យបានជា មនុស្សឃ្លង់ឲ្យជាស្អាត មនុស្សស្លាប់ឲ្យរស់វិញ និងត្រូវបណ្ដេញអារក្សផង។ អ្នករាល់គ្នាបានទទួលដោយឥតគិតថ្លៃ ក៏ត្រូវឲ្យដោយឥតគិតថ្លៃដែរ។
9 កុំយកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងខ្សែក្រវាត់អ្នករាល់គ្នា
10 ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
11 ពេលអ្នករាល់គ្នាចូលទៅក្នុងក្រុងណា ឬភូមិណាក៏ដោយ ចូរសួររកអ្នកដែលស័ក្តិសមនៅក្នុងក្រុង ឬភូមិនោះ ចូរនៅទីនោះរហូតដល់ពេលអ្នករាល់គ្នាចាកចេញ
12 ហើយពេលចូលទៅក្នុងផ្ទះ ចូរជម្រាបសួរអ្នកផ្ទះនោះផង។
13 បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។
14 បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
15 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ាងាយទ្រាំជាងក្រុងនោះទៅទៀត។
16 ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប
17 ប៉ុន្ដែត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សាកំពូល ហើយវាយអ្នករាល់គ្នានឹងខ្សែតីក្នុងសាលាប្រជុំរបស់ពួកគេ
18 ហើយដោយព្រោះខ្ញុំ គេនឹងប្រគល់អ្នករាល់គ្នាទៅចំពោះមុខពួកអជ្ញាធរ និងស្ដេច ដើម្បីធ្វើបន្ទាល់ដល់ពួកគេ និងដល់សាសន៍ដទៃ។
19 ប៉ុន្ដែពេលគេប្រគល់អ្នករាល់គ្នាទៅ ចូរកុំព្រួយបារម្ភថាត្រូវនិយាយអ្វី ឬនិយាយបែបណាឲ្យសោះ ព្រោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នានូវអ្វី ដែលអ្នករាល់គ្នាត្រូវនិយាយនៅវេលានោះ
20 ដ្បិតមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណព្រះវរបិតារបស់អ្នករាល់គ្នាមានបន្ទូលនៅក្នុងអ្នករាល់គ្នាវិញ។
21 បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ ព្រមទាំងប្រគល់ឲ្យគេសម្លាប់។
22 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុតនឹងបានទទួលសេចក្ដីសង្គ្រោះ
23 ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។
24 សិស្សមិនដែលលើគ្រូទេ ហើយបាវបម្រើក៏មិនដែលលើចៅហ្វាយដែរ
25 ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយបាវបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅមេគ្រួសារថា អារក្សបេលសេប៊ូលទៅហើយ ចុះទម្រាំបើសមាជិកគ្រួសារវិញ គេហៅលើសនោះអម្បាលមានទៅទៀត។
26 ដូច្នេះកុំខ្លាចពួកគេអី ព្រោះគ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយគ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
27 អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
28 ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។
29 តើចាបពីរមិនមែនថ្លៃមួយសេនទេឬ ប៉ុន្ដែគ្មានចាបណាមួយធ្លាក់ដល់ដីដោយព្រះវរបិតារបស់អ្នករាល់គ្នាមិនដឹងនោះឡើយ
30 ហើយសូម្បីតែសក់ក្បាលអ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ
31 ដូច្នេះ កុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសសត្វចាបទៅទៀត។
32 អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។
33 អ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងបដិសេធអ្នកនោះនៅមុខព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញដែរ។
34 ចូរកុំគិតថា ខ្ញុំមកដើម្បីនាំយកក្ដីសុខសាន្ដមកផែនដីឡើយ ខ្ញុំមិនបានមកដើម្បីនាំក្ដីសុខសាន្ដទេ គឺនាំដាវវិញ
35 ព្រោះខ្ញុំមកបំបែកកូនប្រុសពីឪពុក កូនស្រីពីម្ដាយ ហើយកូនប្រសាស្រីពីម្ដាយក្មេក
36 ឯសត្រូវរបស់អ្នកនោះ គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង។
37 អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
38 អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។
39 អស់អ្នកដែលរកជីវិតនឹងបាត់ជីវិត តែអស់អ្នកដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។
40 អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
41 អ្នកណាដែលទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល នឹងទទួលបានរង្វាន់របស់អ្នកនាំព្រះបន្ទូល។ អ្នកណាដែលទទួលមនុស្សសុចរិតដោយឈ្មោះមនុស្សសុចរិត នឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។
42 អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
Matthew 10: KCB
Ìsàmì-sí
Pín
Daako
Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.