លោកុប្បត្តិ 4
4
1អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន 2នាងក៏បង្កើតបាន អេបិលជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ 3កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា 4ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់ 5តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ 6ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ 7បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។
8កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ 9ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី 10នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ 11ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង 12កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ 13នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ 14មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់ 15តែព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគាត់ថា ដូច្នេះបើអ្នកណាដែលសំឡាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសំឡាប់បង់ឡើយ។
16នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ 17ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន 18អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក 19ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា 20នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ 21ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ 22ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន នឹងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។
23ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដានឹងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ 24បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។
25រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត ហើយនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា សេត ព្រោះនាងថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសំឡាប់ទៅនោះ 26ឯសេត គាត់ក៏បង្កើតបានកូនប្រុស១ដែរ ដាក់ឈ្មោះថា អេណុស ហើយនៅជាន់នោះ គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
موجودہ انتخاب:
លោកុប្បត្តិ 4: ពគប
سرخی
شئیر
کاپی
کیا آپ جاہتے ہیں کہ آپ کی سرکیاں آپ کی devices پر محفوظ ہوں؟ Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.