យ៉ះយ៉ា 6

6
អ៊ីសា​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់
1បន្ទាប់​មក អ៊ីសា​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។ 2មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​អ៊ីសា ព្រោះ​គេ​បាន​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ 3អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ហើយ​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។
4ពេល​នោះ បុណ្យ​រំលង ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។ 5អ៊ីសា​ឃើញ​បណ្ដា‌ជន​មក​តាម​គាត់​ច្រើន​កុះ‌ករ​យ៉ាង​នេះ អ៊ីសា​សួរ​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។ 6អ៊ីសា​សួរ​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ដ​លោក​ភីលីព តាម​ពិត អ៊ីសា​ជ្រាប​អំពី​កិច្ចការ​ដែល​គាត់​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។ 7លោក​ភីលីព​ជម្រាប​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង​ទៅ​ទិញ​នំបុ័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។ 8មាន​សិស្ស​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ 9«នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្ដែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។ 10អ៊ីសា​ប្រាប់​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ​មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។ 11អ៊ីសា​យក​នំបុ័ង​មក​កាន់ អរ​គុណ​អុលឡោះ​រួច​ឲ្យ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ​អ៊ីសា​ក៏​ធ្វើ​ដូច្នោះ​ដែរ​ហើយ​ឲ្យ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។ 12លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ​អ៊ីសា​ប្រាប់​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ កុំ​ឲ្យ​មាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។ 13ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំបុ័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 14កាល​មនុស្ស‌ម្នា​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ​នោះ​ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ណាពី​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។ 15អ៊ីសា​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​គាត់​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ អ៊ីសា​ក៏​ចាក​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​ឯង។
ណាពី​អ៊ីសា​ដើរ​លើ​ទឹក​សមុទ្រ
16លុះ​ដល់​ល្ងាច ពួក​សិស្ស​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។ 17គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ​ងងឹត​ហើយ តែ​អ៊ីសា​ពុំ​ទាន់​មក​រក​គេ​នៅ​ឡើយ​ទេ 18ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។ 19កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​អ៊ីសា​ដើរ​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 20ប៉ុន្ដែ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី»។ 21ពួក​សិស្ស​ចង់​អញ្ជើញ​អ៊ីសា​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។
ណាពី​អ៊ីសា​ជា​អាហារ​ដែល​ផ្ដល់​ជីវិត
22ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​អ៊ីសា​ពុំ​បាន​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។ 23ប៉ុន្ដែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ពី​អ៊ីសា‌ជាអម្ចាស់​បាន​អរ​គុណ​អុលឡោះ។ 24កាល​បណ្ដា‌ជន​ពុំ​ឃើញ​អ៊ីសា និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម​តាម​រក​អ៊ីសា។
25បណ្ដា‌ជន​បាន​ជួប​អ៊ីសា​នៅ​ត្រើយ​ម្ខាង គេ​សួរ​គាត់​ថា៖ «តួន! តើ​តួន​មក​ដល់​ពី​អង្កាល់?»។ 26អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ 27កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រា​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រា​មនុស្ស​នេះ​ហើយ ដែល​អុលឡោះ​ជា​បិតា​បាន​ដៅ​សញ្ញា​សំគាល់»។ 28គេ​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ដ​ដូច​ម្ដេច​ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​អុលឡោះ​?»។ 29អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់​អុលឡោះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក»។ 30គេ​សួរ​អ៊ីសា​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សំគាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?។ 31បុព្វ‌បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គីតាប​ថា “អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំបុ័ង ដែល​ធ្លាក់​ពី​សូរ៉កា​មក”»។ 32អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​ម៉ូសា​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​សូរ៉កា​មក​នោះ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​សូរ៉កា មក​ឲ្យ​អ្នក​រាល់​គ្នា 33ដ្បិត​អាហារ​ដែល​អុលឡោះ​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​សូរ៉កា​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ 34គេ​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «លោក​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។ 35អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ 36ប៉ុន្ដែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ 37អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ប្រទាន​មក​ខ្ញុំ​តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត 38ដ្បិត​ខ្ញុំ​ចុះ​ពី​សូរ៉កា​មក ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ដ​របស់​ខ្ញុំ​ទេ។ 39រីឯ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្ដរាយ​ឡើយ តែ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ 40អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​បុត្រា ហើយ​ជឿ​លើ​គាត់​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។
41ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​អ៊ីសា ព្រោះ​អ៊ីសា​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា”។ 42គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​អ៊ីសា ជា​កូន​របស់​យូសុះ​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​សូរ៉កា​ដូច្នេះ?»។ 43អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ 44ប្រសិន​បើ​អុលឡោះ​ជា​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ដ​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ 45ក្នុង​គីតាប​ណាពី មាន​ចែង​ទុក​មក​ថា “អុលឡោះ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​អុលឡោះ​ជា​បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ទ្រង់ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ 46សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ជា​បិតា ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​អុលឡោះ​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​អុលឡោះ។ 47ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ 48ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ 49បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ស្លាប់​អស់​ទៅ។ 50រីឯ​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ​អ្នក​នោះ​មិន​ស្លាប់​ឡើយ។ 51ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​សូរ៉កា។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​លះបង់​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។
52ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។
53អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​ឈាម​របស់​បុត្រា​មនុស្ស​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ 54អ្នក​ណា​ពិសា​សាច់ និង​ឈាម​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ 55សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ ឈាម​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ 56អ្នក​ណា​ពិសា​សាច់ និង​ឈាម​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ 57អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។ 58អាហារ​ដែល​បាន​ចុះ​ពី​សូរ៉កា​មក​មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ស្លាប់​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។
59អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ នៅ​ពេល​គាត់​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។ 60ក្រោយ​ពី​បាន​ស្ដាប់​ពាក្យ​របស់​អ៊ីសា​ហើយ ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ 61អ៊ីសា​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ដ បាត់​ជំនឿ​ឬ? 62ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រា​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​គាត់​នៅ​ពី​មុន​វិញ តើ​ចិត្ដ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?។ 63មាន​តែ​រស‌អុលឡោះ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត។ 64ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក អ៊ីសា​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​គាត់ រួច​ស្រេច​ទៅ​ហើយ។ 65អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​អុលឡោះ​ជា​បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។ 66ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​អ៊ីសា​ទៀត។ 67អ៊ីសា​ក៏​សួរ​សិស្ស​ទាំង​ដប់‌ពីរ​នាក់​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ 68លោក​ស៊ីម៉ូន​ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ពាក្យ​របស់​លោក​ម្ចាស់​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។ 69យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា តួន​ពិត​ជា​អ្នក​ដ៏‌វិសុទ្ធ​ដែល​អុលឡោះ​ចាត់​ឲ្យ​មក។ 70អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​អ៊ីព្លេស»។ 71អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​អ៊ីសា ទោះ​បី​គាត់​ជា​សិស្ស​មួយ​នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

Vurgu

Paylaş

Kopyala

None

Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın