យ៉ះយ៉ា 4

4
ណាពី​អ៊ីសា​សន្ទនា​ជា​មួយ​ស្ដ្រី​សាសន៍​សាម៉ារី​ម្នាក់
1អ៊ីសា​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា គាត់​មាន​សិស្ស​ច្រើន​ជាង​យ៉ះយ៉ា និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។ 2តាម​ពិត អ៊ីសា​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ 3អ៊ីសា​ក៏​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ 4ហើយ​ត្រូវ​ដើរ​កាត់​តាម​ស្រុក​សាម៉ារី។
5អ៊ីសា​បាន​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​ណាពី​យ៉ាកកូប​បាន​ចែក​ឲ្យ​ណាពី​យូសុះ​ជា​កូន។ 6នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​យ៉ាកកូប”។ អ៊ីសា​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​នៅ​មាត់​អណ្ដូង ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់។ 7មាន​ស្ដ្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច»។ 8(សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ 9ស្ដ្រី​សាម៉ារី​សួរ​អ៊ីសា​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ ជា​ស្ដ្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។ 10អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​អំណោយ​ទាន​របស់​អុលឡោះ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច”នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ពុំ‌ខាន ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»។ 11នាង​សួរ​អ៊ីសា​ថា៖ «លោក! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក?។ 12តើ​លោក​មាន​ឋានៈ​ធំ​ជាង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ?។ យ៉ាកកូប និង​កូន​ចៅ​របស់​គាត់​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​គាត់ ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។ 13អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត 14រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច»។ 15ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «លោក! សូម​មេត្ដា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។
16អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។ 17ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន 18ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។ 19នាង​ជម្រាប​អ៊ីសា​ថា៖ «លោក នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ណាពី​មែន។ 20បុព្វ‌បុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​អ្នក​ជា​សាសន៍​យូដា​តែង​និយាយ​ថា​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។ 21អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «នាង​អើយ​ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​អុលឡោះ​ជា​បិតា។ 22អ្នក​រាល់​គ្នា​មិន​ស្គាល់​អុលឡោះ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ទ្រង់​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន‌ជាតិ​យូដា។ 23ប៉ុន្ដែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ នឹង​ថ្វាយ‌បង្គំ​អុលឡោះ​ជា​បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​អុលឡោះ​ជា​បិតា​គាប់​ចិត្ត​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។ 24អុលឡោះ​មាន​ភាព​ជា​វិញ្ញាណ ហេតុ​នេះ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ទ្រង់ ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។ 25ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ដែល​អុលឡោះ​តែង​តាំង​ហៅ​អាល់ម៉ា‌ហ្សៀស​នឹង​មក។ កាល​ណា​គាត់​មក​ដល់ គាត់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។ 26អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។
27ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​អ៊ីសា​កំពុង​មាន​ប្រសាសន៍​ជា​មួយ​ស្ដ្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​សួរ​អ៊ីសា​ថា តួន​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​និយាយ​ជា​មួយ​នាង​ឡើយ។ 28ស្ដ្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖ 29«សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ។ លោក​នោះ​ជា​អាល់ម៉ា‌ហ្សៀស​ហើយ​មើល​ទៅ!»។ 30អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​អ៊ីសា។ 31ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​សូម​អញ្ជើញ​ពិសា!»។ 32អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។ 33ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។ 34អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។ 35អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ 36អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជា‌និច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា 37ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ 38ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។
39ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា ដោយ‌សារ​ពាក្យ​ដែល​ស្ដ្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ”។ 40ហេតុ​នេះ​ហើយ​បាន​ជា​កាល​ជន‌ជាតិ​សាម៉ារី​ទៅ​ជួប​អ៊ីសា គេ​ទូរអា​សូម​អ៊ីសា​នៅ​ជា​មួយ​គេ អ៊ីសា​យល់​ព្រម​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ 41មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​អ៊ីសា ដោយ​បាន​ឮ​ប្រសាសន៍​អ៊ីសា​ផ្ទាល់។ 42ពួក​គេ​និយាយ​ទៅ​កាន់​ស្ដ្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា​អ៊ីសា​ពិត​ជា​អ្នក​សង្រ្គោះ​របស់​មនុស្ស​លោក​មែន»។
ណាពី​អ៊ីសា​ប្រោស​កូន​ប្រុស​របស់​មន្ដ្រី​ម្នាក់​ឲ្យ​ជា
43ពីរ​ថ្ងៃ​ក្រោយ​មក អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។ 44អ៊ីសា​មាន​ប្រសាសន៍​ថា៖ «គ្មាន​ណាពី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។ 45លុះ​អ៊ីសា​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​គាត់ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​អ៊ីសា​បាន​សំដែង ក្នុង​ឱកាស​ពិធី​បុណ្យ​រំលង​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។ 46អ៊ីសា​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​អ៊ីសា​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។
នៅ​ទី​នោះ មាន​អ្នក​រាជ‌ការ​ម្នាក់ មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​គាត់​មាន​ជំងឺ។ 47កាល​គាត់​ដឹង​ថា អ៊ីសា​បាន​មក​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ គាត់​ក៏​ទៅ​រក​អ៊ីសា ទូរអា​សូម​អ៊ីសា​ទៅ​ប្រោស​កូន​របស់​គាត់​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​បាន​ជា​សះ‌ស្បើយ។ 48អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។ 49មន្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «លោក​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ស្លាប់»។ 50អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​អ្នក​រស់​ហើយ»។ បុរស​នោះ​ជឿ​ពាក្យ​របស់​អ៊ីសា​ក៏​ចេញ​ដំណើរ​ទៅ។ 51ពេល​គាត់​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​គាត់​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​គាត់​រស់​ហើយ។ 52គាត់​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។ 53ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​អ៊ីសា​បាន​ប្រាប់​មក​គាត់​ថា“កូន​របស់​អ្នក​រស់​ហើយ!”។ គាត់​ជឿ​លើ​អ៊ីសា ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ក៏​ជឿ​លើ​អ៊ីសា​ដែរ។ 54នេះ​ជា​ទី​សំគាល់​លើក​ទី​ពីរ ដែល​អ៊ីសា​បាន​ធ្វើ នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

Vurgu

Paylaş

Kopyala

None

Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın