ម៉ាកុស 11
11
1កាលមកជិតដល់ក្រុងយេរូសាឡិម ដល់ភូមិបេតផាសេ នឹងបេថានី ទន្ទឹមនឹងភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ 2ដោយបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក 3បើអ្នកណាសួរថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ 4អ្នកទាំង២ក៏ទៅ ឃើញកូនលាគេចងទុកនៅមាត់ទ្វារ ត្រង់កន្លែងផ្លូវប្រសព្វ រួចក៏ស្រាយវា 5ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី 6អ្នកទាំងនោះឆ្លើយប្រាប់ ដូចជាព្រះយេស៊ូវទ្រង់បង្គាប់ រួចគេក៏បើកឲ្យ 7អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់ 8មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ 9ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ 10រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត 11នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញ មើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។
12ថ្ងៃស្អែកឡើង កាលបានចេញពីបេថានីមក នោះទ្រង់ក៏ឃ្លាន 13ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ 14នោះទ្រង់មានបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។
15ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប 16ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ 17ទ្រង់បង្រៀនគេថា តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ 18ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្ត ចំពោះសេចក្ដីដែលទ្រង់បង្រៀន 19ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។
20លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង 21ពេត្រុសក៏នឹកឃើញ ហើយទូលទ្រង់ថា លោកគ្រូ មើល ដើមល្វាដែលលោកដាក់បណ្តាសា នោះក្រៀមស្វិតទៅហើយ 22ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ 23ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់ 24ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន 25ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ 26តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ។
27នោះក៏មកដល់ក្រុងយេរូសាឡិមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ គេមកឯទ្រង់ 28ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ 29តែព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ 30ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក 31នោះគេរិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ 32តែបើយើងឆ្លើយថា មកពីមនុស្ស នោះខ្លាចពួកបណ្តាជន ដ្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែន 33គេក៏ទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
Kasalukuyang Napili:
ម៉ាកុស 11: ពគប
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© BFBS/UBS 1954, 1962. All Rights Reserved.