លោកុប្បត្តិ 9
9
ព្រះតាំងសញ្ញាជាមួយលោកណូអេ
1ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ 2គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។ 3បណ្ដាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់អ្នក។ យើងឲ្យអ្វីៗដល់អ្នករាល់គ្នា ដូចយើងបានឲ្យជាតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។ 4ប៉ុន្ដែ អ្នកមិនត្រូវបរិភោគសាច់ដែលនៅមានជីវិតឡើយ គឺសាច់ដែលជាប់មានឈាមរបស់វា។ 5ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
6អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស
អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ
ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក
ឲ្យដូចរូបអង្គទ្រង់។
7ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយឲ្យច្រើនកុះករលើផែនដីចុះ»។
8ព្រះទ្រង់មានព្រះបន្ទូលទៅលោកណូអេ និងកូនប្រុសរបស់លោកថា៖ 9«មើល៍ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នាជំនាន់ក្រោយ 10ជាមួយសត្វមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងគ្រប់ទាំងសត្វព្រៃនៅផែនដីជាមួយអ្នករាល់គ្នា គឺសត្វទាំងប៉ុន្មានដែលបានចេញពីទូកធំ ។ 11យើងតាំងសញ្ញាជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជំនន់ទៀតឡើយ ហើយក៏នឹងលែងមានទឹកជំនន់បំផ្លាញផែនដីទៀតដែរ»។ 12ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ 13គឺយើងដាក់ឥន្ទធនូរបស់យើងនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយផែនដី។ 14កាលណាយើងប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅក្នុងពពក 15ពេលនោះ យើងនឹងនឹកចាំពីសេចក្ដីសញ្ញារបស់យើង ដែលបានតាំងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងប៉ុន្មានដែលមានជីវិត ហើយទឹកនឹងមិនជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ។ 16កាលណាឥន្ទធនូស្ថិតនៅក្នុងពពក យើងនឹងមើលឃើញ ហើយនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលយើងបានតាំងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតនៅលើផែនដី»។ 17ព្រះទ្រង់មានព្រះបន្ទូលទៅលោកណូអេថា៖ «នេះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយគ្រប់ទាំងសាច់នៅលើផែនដី»។
លោកណូអេ និងកូនប្រុសទាំងបីរបស់លោក
18កូនរបស់លោកណូអេដែលចេញពីទូកធំមក មានសិម ហាំ និងយ៉ាផែត។ ហាំជាឪពុករបស់កាណាន។ 19អ្នកទាំងបីនេះជាកូនរបស់លោកណូអេ គឺកូនចៅអ្នកទាំងនេះហើយ ដែលបានចេញទៅនៅពាសពេញលើផែនដី។
20លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។ 21លោកបានផឹកស្រាទំពាំងបាយជូរ ហើយក៏ស្រវឹង រួចដេកអាក្រាតនៅក្នុងជំរំរបស់លោក។ 22ឯហាំ ជាឪពុករបស់កាណាន បានឃើញឪពុកនៅអាក្រាតដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀត ដែលនៅខាងក្រៅ។ 23ពេលនោះ សិម និងយ៉ាផែត នាំគ្នាយកអាវវែងមក ត្រដាងលើស្មារបស់ខ្លួនទាំងពីរនាក់ ដើរថយក្រោយ ទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់ឪពុកឡើយ។ 24កាលលោកណូអេស្វាងពីស្រា ហើយដឹងការដែលកូនពៅរបស់លោកបានធ្វើចំពោះលោក 25លោកក៏ពោលថា៖
«កាណានត្រូវបណ្ដាសាហើយ
វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។
26លោកពោលទៀតថា៖
«សូមថ្វាយព្រះពរព្រះយេហូវ៉ា
ជាព្រះរបស់សិម
ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ
របស់សិមចុះ!
27សូមព្រះទ្រង់វាតទីឲ្យ យ៉ាផែត
សូមឲ្យវាបានអាស្រ័យនៅក្នុងជំរំរបស់សិម
ហើយសូមឲ្យកាណានធ្វើជាបាវបម្រើរបស់វា»។
28ក្រោយពីទឹកជំនន់មក លោកណូអេរស់នៅបាន បីរយហាសិបឆ្នាំទៀត។ 29អាយុរបស់លោកណូអេទាំងអស់បានប្រាំបួនរយហាសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។
Iliyochaguliwa sasa
លោកុប្បត្តិ 9: គកស១៦
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© 2016 United Bible Societies