លោកុប្បត្តិ 30
30
1កាលនាងរ៉ាជែលដឹងថា ខ្លួនមិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងមានចិត្តច្រណែននឹងបងស្រី ហើយនាងពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់មិនខាន»។ 2លោកយ៉ាកុបក៏នឹកក្តៅចិត្តនឹងនាងរ៉ាជែលជាខ្លាំង ហើយតបថា៖ «តើបងជាព្រះឬ ដែលបង្ខាំងមិនឲ្យអូនមានកូនដូច្នេះ?» 3ពេលនោះ នាងពោលថា៖ «នេះនែ៎ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់លើភ្លៅខ្ញុំ ហើយខ្ញុំនឹងបានកូនដោយសារវា»។ 4នាងរ៉ាជែលក៏ឲ្យនាងប៊ីលហាជាស្រីបម្រើ ទៅធ្វើជាប្រពន្ធលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។ 5នាងប៊ីលហាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ 6ពេលនោះ នាងរ៉ាជែលពោលថា៖ «ព្រះបានរកយុត្តិធម៌ឲ្យខ្ញុំហើយ ព្រះអង្គឮសំឡេងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "ដាន់" ។ 7នាងប៊ីលហាជាស្រីបម្រើនាងរ៉ាជែលមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀតឲ្យលោកយ៉ាកុប។ 8ពេលនោះ នាងរ៉ាជែលពោលថា៖ «ខ្ញុំបានខំប្រឹងតទល់ជាមួយ បងស្រីខ្ញុំជាខ្លាំង ហើយក៏បានឈ្នះ»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "ណែបថាលី"។
9កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ 10នាងស៊ីលផាជាស្រីបម្រើនាងលេអាក៏បង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ 11នាងលេអាពោលថា៖ «មានសំណាងហើយ!» នាងក៏ដាក់ឈ្មោះកូននោះថា "កាដ" ។ 12នាងស៊ីលផាជាស្រីបម្រើរបស់នាងលេអា បង្កើតបានកូនមួយទៀតឲ្យលោកយ៉ាកុប។ 13នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។
14ថ្ងៃមួយ រូបេនបានចេញទៅវាលនៅរដូវច្រូតស្រូវសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូននាងលេអាជាម្តាយ។ ពេលនោះ នាងរ៉ាជែលពោលទៅកាន់នាងលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងខ្លះមកខ្ញុំផង»។ 15ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ 16នៅពេលល្ងាច កាលលោកយ៉ាកុបវិលមកពីចម្ការវិញ នាងលេអាក៏ចេញទៅទទួលដោយពាក្យថា៖ «យប់នេះ បងត្រូវចូលមកឯខ្ញុំ ដ្បិតខ្ញុំបានជួលបងដោយផ្លែស្នេហ៍កូនរបស់ខ្ញុំហើយ»។ ដូច្នេះ លោកក៏ដេកជាមួយនាងនៅយប់នោះទៅ។ 17ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ 18នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។ 19នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។ 20ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។ 21ក្រោយមក នាងបង្កើតបានកូនស្រីមួយ ហើយដាក់ឈ្មោះកូននោះថា "ឌីណា"។
22ពេលនោះ ព្រះទ្រង់នឹកចាំពីនាងរ៉ាជែល ហើយព្រះស្ដាប់តាមនាង ព្រមទាំងប្រោសឲ្យនាងអាចបង្កើតកូនបាន។ 23នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ រួចនាងពោលថា៖ «ព្រះទ្រង់បានដកពាក្យដំណៀលចេញពីខ្ញុំហើយ»។ 24នាងដាក់ឈ្មោះកូននោះថា "យ៉ូសែប" ដោយពោលថា «សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំមានកូនមួយទៀត!»។
លោកយ៉ាកុបចម្រើនឡើង ដោយធ្វើឲ្យលោកឡាបាន់ថយចុះ
25កាលនាងរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅស្រុកខ្ញុំវិញផង។ 26សូមឲ្យខ្ញុំយកប្រពន្ធ និងកូនរបស់ខ្ញុំទៅជាមួយដែរ ដ្បិតខ្ញុំបានបម្រើលោកឪពុកព្រោះតែនាង ដ្បិតលោកឪពុកជ្រាបពីការដែលខ្ញុំបានបម្រើជូនលោកឪពុកហើយ»។ 27ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។ 28ចូរគិតថ្លៃឈ្នួលរបស់កូនចុះ ពុកនឹងប្រគល់ឲ្យ»។ 29លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកជាយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា។ 30ដ្បិតមុនដែលខ្ញុំមក លោកឪពុកមានបន្តិចបន្តួចទេ តែឥឡូវនេះ វាបានចម្រើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកឪពុកដោយសារខ្ញុំ។ ឥឡូវនេះ តើពេលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំផង?» 31លោកឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីដល់កូន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ បើលោកឪពុកព្រមធ្វើដូច្នេះឲ្យខ្ញុំមែន នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត។ 32ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។ 33ដូច្នេះ តទៅមុខទៀត កាលណាលោកឪពុកចូលមកសួរពីឈ្នួលរបស់ខ្ញុំ នោះខ្ញុំនឹងសម្ដែងឲ្យពុកជ្រាបថា ខ្ញុំស្មោះត្រង់ គឺបើមានសត្វណានៅជាមួយខ្ញុំ ដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។ 34លោកឡាបាន់មានប្រសាសន៍ថា៖ «ល្អហើយ! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។ 35នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ 36រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
37លោកយ៉ាកុបក៏យកមែករលួស មែកចំបក់ និងក្រចៅស្រស់ៗ មកក្រីសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។ 38លោកដាក់មែកដែលបានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងជាន់គ្នានៅពេលមកផឹក 39គឺសត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ហើយវាក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល។ 40លោកយ៉ាកុបបានញែកចៀមចេញពីគ្នា ក៏តម្រង់ឈ្មោលទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយហ្វូងសត្វរបស់លោកឡាបាន់ឡើយ។ 41ពេលណាមានសត្វខ្លាំងៗចង់ជាន់គ្នា លោកយ៉ាកុបតែងដាក់មែកឈើនោះនៅក្នុងប្រឡាយ ចំពីមុខវា ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ 42តែចំណែកសត្វខ្សោយៗ លោកមិនបានដាក់មែកឈើនៅទីនោះទេ។ ដូច្នេះ សត្វខ្សោយៗជារបស់លោកឡាបាន់ ហើយសត្វខ្លាំងៗជារបស់លោកយ៉ាកុប។ 43គឺយ៉ាងនេះឯងដែលលោកក៏បានចម្រើនឡើងយ៉ាងសន្ធឹក ហើយមានហ្វូងសត្វ និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ និងលាជាច្រើន។
Iliyochaguliwa sasa
លោកុប្បត្តិ 30: គកស១៦
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© 2016 United Bible Societies