Chapa ya Youversion
Ikoni ya Utafutaji

លោកុ‌ប្បត្តិ 21

21
កំណើត​របស់​អ៊ីសាក
1ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រណី​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​សន្យា។ 2លោក​ស្រី​សារ៉ា​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌អង្គ​បាន​ប្រាប់​លោក។ 3លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​នោះ​ថា "អ៊ីសាក"។ 4ពេល​អ៊ីសាក​កើត​មក​បាន​ប្រាំបី​ថ្ងៃ លោក​អ័ប្រា‌ហាំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដូច​ព្រះ‌ទ្រង់​បាន​បង្គាប់​លោក។ 5ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អ័ប្រា‌ហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ។ 6លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា‌មួយ​ខ្ញុំ​ដែរ»។ 7លោក​ស្រី​ពោល​ទៀត​ថា៖ «តើ​អ្នក​ណា​បាន​នឹក​ភ្នក​និយាយ​ទៅ​លោក​អ័ប្រា‌ហាំ​ថា "លោក​ស្រី​សារ៉ា​នឹង​បំបៅ​កូន?" តែ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់​ហើយ»។
នាង​ហាការ និង​អ៊ីស‌ម៉ា‌អែល​ត្រូវ​បាន​បណ្ដេញ​ចេញ
8លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។ 9ប៉ុន្តែ លោក​ស្រី​សារ៉ា​បាន​ឃើញ​កូន​របស់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ សើច​ចំអក​ឲ្យ​អ៊ីសាក​កូន​របស់​លោក​ស្រី ។ 10ដូច្នេះ លោក​ស្រី​ក៏​ជម្រាប​លោក​អ័ប្រា‌ហាំ​ថា៖ «ចូរ​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​ស្រី​បម្រើ​នេះ​មិន​ត្រូវ​ទទួល​មត៌ក​ជា‌មួយ​អ៊ីសាក​កូន​របស់​ខ្ញុំ​ឡើយ»។ 11ពាក្យ​នោះ​ធ្វើ​ឲ្យ​លោក​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​អ៊ីស​ម៉ាអែល​ក៏​ជា​កូន​របស់​លោក​ដែរ។ 12ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។ 13រីឯ​កូន​របស់​ស្រី​បម្រើ​នោះ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅជា​ជាតិ​សាសន៍​មួយ ព្រោះ​វា​ជា​ពូជ​របស់​អ្នក​ដែរ»។ 14ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។
15ពេល​អស់​ទឹក​ដែល​នៅ​ក្នុង​ថង់​ស្បែក​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ 16ហើយ​ទៅ​អង្គុយ​ទល់​មុខ​កូន ចម្ងាយ​មួយ​សន្ទុះ​បាញ់​ធ្នូ ដោយ​គិត​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​នឹង​មុខ​ឡើយ»។ ដូច្នេះ កាល​នាង​អង្គុយ​ទល់​មុខ​កូន នាង​ក៏​ឡើង​សំឡេង​ស្រែក​យំ។ 17ព្រះ‌ទ្រង់​ឮ​សំឡេង​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ​ក៏​ហៅ​នាង​ហាការ​ពី​លើ​មេឃ សួរ​ថា៖ «ហាការ​អើយ តើនាង​មាន​រឿង​អ្វី? កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។ 18ចូរ​ក្រោក​ឡើង ទៅ​លើក​កូន​មក ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ»។ 19ពេល​នោះ ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​នាង​ឲ្យ​ឃើញ​អណ្តូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ដាក់​ពេញ​ថង់​ស្បែក រួច​យក​មក​ឲ្យ​កូន​ផឹក។
20ព្រះ‌ទ្រង់​គង់​ជា‌មួយ​ក្មេង​នោះ វា​មាន​វ័យ​ចម្រើន​ឡើង ហើយ​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន រួច​ក្លាយ​ជា​អ្នក​ពូកែ​បាញ់​ធ្នូ។ 21ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។
លោក​អ័ប្រា‌ហាំ​តាំង​សញ្ញា​ជា‌មួយ​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច
22នៅ​គ្រា​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច ពោល​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ «ព្រះ‌ទ្រង់​គង់​ជា‌មួយ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ដែល​អ្នក​ធ្វើ 23ដូច្នេះ សូម​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​របស់​ខ្ញុំ​ត​រៀង​ទៅ ដោយ​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ និង​ស្រុក​ដែល​អ្នក​បាន​ស្នាក់​នៅ​នេះ​ដោយ​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ»។ 24លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។
25កាល​លោក​អ័ប្រា‌ហាំ​បន្ទោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ពី​រឿង​អណ្តូង​ទឹក​ដែល​ពួក​អ្នក​បម្រើ​របស់​ស្ដេច​បាន​ដណ្តើម​យក 26ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំមិន​បាន​ឮ​ពីការ​នេះដែរ រហូត​ដល់​ថ្ងៃ​នេះ»។ 27លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។ 28លោក​អ័ប្រា‌ហាំ​ញែក​កូន​ចៀម​ញី​ប្រាំពីរ​ទុក​ដោយ​ឡែក។ 29ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​លោក​អ័ប្រាហាំ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​នេះ តើ​មាន​ន័យ​ដូច​ម្តេច?» 30លោក​ទូល​ឆ្លើយ​ថា៖ «កូន​ចៀម​ញី​ប្រាំពីរ​ដែល​ព្រះ​ករុណានឹង​ទទួល​ពី​ដៃ​ទូល‌បង្គំ​នេះ គឺ​ដើម្បី​ឲ្យ​បាន​ជា​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្តូង​នេះ​មែន»។ 31ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។ 32ដូច្នេះ លោក​ទាំង​ពីរ​បាន​តាំង​សញ្ញា​ជាមួយ​គ្នា​នៅ​បៀរ-សេបា។ បន្ទាប់​មក ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ 33លោក​អ័ប្រា‌ហាំ បាន​ដាំ​ដើម​ឈើ​មួយ​ដើម​នៅ​បៀរ-សេបា ហើយ​នៅ​ទី​នោះ លោក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​កល្ប​ជា‌និច្ច ។ 34លោក​អ័ប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន​ជា​ច្រើន​ថ្ងៃ។

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia