Chapa ya Youversion
Ikoni ya Utafutaji

លោកុ‌ប្បត្តិ 16

16
កំណើត​អ៊ីស‌ម៉ា‌អែល
1រីឯ​លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​លោក​សោះ។ គាត់​មាន​ស្រី​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​នាង​ហាការ 2ហើយ​លោកស្រី​សារ៉ាយ​ជម្រាប​លោក​អាប់‌រ៉ាម​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ដូច្នេះ សូម​លោក​អញ្ជើញ​ចូល​ទៅ​ឯ​ស្រី​បម្រើ​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​នាង»។ លោក​អាប់‌រ៉ាម​ក៏​ស្តាប់​តាម​ពាក្យ​របស់​លោក​ស្រី​សារ៉ាយ។ 3ដូច្នេះ ក្រោយ​ពី​លោក​អាប់‌រ៉ាម​រស់​នៅ​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម បាន​ប្រគល់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​ជា​បាវ​បម្រើ​របស់​ខ្លួន ទៅ​ឲ្យ​លោក​អាប់​រ៉ាម​ជា​ប្ដី ធ្វើ​ជា​ប្រពន្ធ។ 4លោក​បាន​ចូល​ទៅឯ​នាង​ហាការ ហើយ​នាង​ក៏​មាន​ទម្ងន់។ កាល​នាង​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​ដូច្នេះ នាង​មាន​ចិត្ត​មើល‌ងាយ​ចៅ‌ហ្វាយ​របស់​ខ្លួន។ 5លោក​ស្រី​សារ៉ាយ​ពោល​ទៅ​លោក​អាប់‌រ៉ាម​ថា៖ «សូម​ឲ្យ​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​លោក​ចុះ! ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​លោក​ឱប ឥឡូវ​នេះ កាល​វា​ដឹង​ថា​មាន​ទម្ងន់​ហើយ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​រវាង​លោក​នឹង​ខ្ញុំ​ចុះ!»។ 6ប៉ុន្ដែ លោក​អាប់‌រ៉ាម​ឆ្លើយ​ទៅ​លោក​ស្រី​សារ៉ាយ​ថា៖ «មើល៍! ស្រី​បម្រើ​នេះ​នៅ​ក្នុង​អំណាច​របស់​អូន​ស្រាប់​ហើយ ចូរ​ធ្វើ​ចំពោះ​នាង​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ ពេល​នោះ លោក​ស្រី​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​យ៉ាង​គ្រោត​គ្រាត ហើយ​នាង​ក៏​រត់​ចេញ​ពី​គាត់​ទៅ។
7ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន ជិត​ក្បាល​ទឹក​មួយ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ 8ទេវតា​ពោល​ថា៖ «ហាការ ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ណា​ហ្នឹង?» នាង​តប​ថា៖ «ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ចៅ‌ហ្វាយ​ស្រី​របស់​ខ្ញុំ​ម្ចាស់»។ 9ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ចុះ​ចូល​នឹង​គាត់​ទៅ»។ 10ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ពោល​ទៅ​នាងទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​នាង​មាន​ចំនួន​ច្រើន​ឥត​គណនា គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ»។ 11ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​នាង​ទៀត​ថា៖
«មើល៍! នាង​មាន​ទម្ងន់​ហើយ
ហើយ​នាង​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ
នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស‌ម៉ា‌អែល
ដ្បិត​ព្រះ‌យេហូវ៉ាបាន​ឮ​ពី​ទុក្ខ​លំបាក
របស់​នាង​ហើយ។
12កូន​នេះ​នឹង​បាន​ដូច​ជា​លា​ព្រៃ
នៅ​កណ្ដាល​មនុស្ស
ដៃ​របស់​វា​បាន​ទាស់​នឹង​មនុស្ស​ទាំង​អស់
ហើយ​ដៃ​របស់​មនុស្ស​ទាំង​អស់
ក៏​ទាស់​នឹង​វា​វិញ​ដែរ
ហើយ​វា​នឹង​តាំង​ទី​លំនៅ
នៅ​មុខ​បង‌ប្អូន​ទាំង​អស់​របស់​វា»។
13ពេល​នោះ នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទត​ឃើញ » ដ្បិត​នាង​ពោល​ថា៖ «នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​ខ្ញុំ»។ 14ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​អណ្ដូង​នោះ​ថា អណ្ដូង​ឡាហាយ-រយ អណ្ដូង​នោះ​នៅ​ចន្លោះ​កាដេស និង​បារែដ។
15នាង​ហាការ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​អាប់‌រ៉ាម ហើយ​លោក​អាប់‌រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​ហាការ​បង្កើត​នោះ​ថា "អ៊ីស‌ម៉ា‌អែល"។ 16នៅ​ពេល​នាង​ហាការ​បង្កើត​អ៊ីស‌ម៉ា‌អែល​ឲ្យ​លោក​អាប់​រ៉ាម លោក​អាប់‌រ៉ាម​មាន​អាយុ​ប៉ែត​សិប​ប្រាំមួយ​ឆ្នាំ​ហើយ។

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia