យ៉ូហាន 10

10
ព្រះ‌យេស៊ូ​ជា​គង្វាល​ដ៏​ល្អ
1«ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។ 2រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​គង្វាល​របស់​ចៀម។ 3ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​គាត់​ចូល ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។ 4លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។ 5ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។
6ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។
7ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។ 8អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។ 9ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ​ថែម​ទៀត​ផង។ 10ចោរ​វា​មក គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។
11«ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។ 12រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។ 13អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។ 14ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ 15 គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។ 16ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ 17ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។ 18គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។
19ព្រះ‌បន្ទូល​ទាំង​នេះ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​បាក់​បែក​គ្នា​ម្ដង​ទៀត។ 20មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។ 21អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អារក្ស​ចូល​ទេ! តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។
ជន‌ជាតិ​យូដា​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ
22ពេល​នោះ ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំឭក​ពិធី​ឆ្លង​ព្រះ‌វិហារ* នៅ​ក្រុង​យេរូ‌សាឡឹម។ 23ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​ក្នុង​ថែវ​ព្រះ‌វិហារ​ដែល​មាន​ឈ្មោះ​ថា «ថែវ​ព្រះ‌បាទ​សាឡូម៉ូន»។ 24ជន‌ជាតិ​យូដា​នាំ​គ្នា​ចោម‌រោម​ព្រះអង្គ ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​រារែក​ក្នុង​ចិត្ត​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌គ្រិស្ត*​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។ 25ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ខ្ញុំ ជា​សក្ខីភាព*​បញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។ 26ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ចំណោម​ចៀម​របស់​ខ្ញុំ។ 27ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។ 28ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច គេ​មិន​វិនាស​អន្តរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។ 29ព្រះ‌បិតា​ដែល​បាន​ប្រទាន​ចៀម​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ ព្រះអង្គ​មាន​អំណាច​ធំ​លើស​អ្វីៗ​ទាំង​អស់ គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ព្រះ‌ហស្ដ​ព្រះ‌បិតា​ឡើយ។ 30ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។ 31ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ។ 32ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។ 33 ជន‌ជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ‌ជាម្ចាស់»។ 34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​វិន័យ*​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ព្រះ35យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ 36ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា​ខ្ញុំ​ប្រមាថ​ព្រះអង្គ​ទៅ​វិញ? ព្រះ‌បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។ 37ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះ‌បិតា​ទេ​នោះ សុំ​កុំ​ជឿ​ខ្ញុំ​ឡើយ។ 38ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា ព្រះ‌បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌បិតា»។
39គេ​រក​ចាប់​ព្រះ‌យេស៊ូ​ម្ដង​ទៀត ប៉ុន្តែ ព្រះអង្គ​គេច​ផុត​ពី​គេ​ទៅ។
40 ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ 41មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​គាល់​ព្រះអង្គ គេ​ពោល​ថា៖ «លោក​យ៉ូហាន​ពុំ​បាន​ធ្វើ​ទី​សម្គាល់​ណា​មួយ​ឡើយ ប៉ុន្តែ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​លោក​នេះ សុទ្ធ​តែ​ត្រូវ​ទាំង​អស់»។ 42មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ បាន​ជឿ​លើ​ព្រះ‌យេស៊ូ។

Märk

Dela

Kopiera

None

Vill du ha dina höjdpunkter sparade på alla dina enheter? Registrera dig eller logga in